រុស្ស៊ី និងចិន ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ប្រជែងនឹងក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅតំបន់អាស៊ី

ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធយោធាជើងទឹក និងអាកាសដ៏ធំសម្បើមកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលលាតសន្ធឹងលើមហាសមុទ្រដ៏ធំ ហើយមាននាវាកងទ័ពជើងទឹកជាង ៤០០គ្រឿង យន្តហោះយោធា១២០ គ្រឿង និងទាហានជាង៩០.០០០នាក់។

យោងតាមក្រសួងការពារជាតិរុស្ស៊ី សមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលមានឈ្មោះថា “Ocean-2024” រួមមានកងកម្លាំងមកពីប្រទេសចិន ហើយនឹងបន្តរហូតដល់ថ្ងៃទី ១៦ ខែកញ្ញាជាមួយនឹងប្រទេសយ៉ាងហោចណាស់១៥ ដែលត្រូវបានអញ្ជើញឱ្យចូលរួមសង្កេតការណ៍សមយុទ្ធនោះ ។

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា រុស្ស៊ីយកចិត្តទុកដាក់ជាពិសេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្ដារដ្ឋជាមិត្ត ហើយបានព្រមានសហរដ្ឋអាមេរិកកុំឱ្យព្យាយាមប្រឆាំងទីក្រុងមូស្គូនៅអាស៊ី។

ក្នុងសុន្ទរកថាតាមទូរទស្សន៍មួយទៅកាន់មន្ត្រីយោធារុស្ស៊ីកាលពីថ្ងៃអង្គារ លោក Putin និយាយថា ក្រោមលេសចោទប្រកាន់ដែលមានស្រាប់ ថារុស្ស៊ី និងចិន ជាប្រភពនៃការគំរាមកំហែង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងបង្កើនវត្តមានយោធារបស់ពួកគេនៅជិតព្រំដែនខាងលិចរបស់ប្រទេសរុស្ស៊ី នៅតំបន់អាក់ទិក និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តកំពុង ប្រកាសជាចំហអំពីផែនការរបស់ពួកគេក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី នៅក្នុងតំបន់ដែលហៅថាឆ្ពោះទៅមុខ។

ក្រុមអ្នកវិភាគនិយាយថា សមយុទ្ធទ័ពជើងទឹក និងផ្លូវអាកាសរួមគ្នា គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី និងចិន ក្នុងការធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ និងប្រឆាំងការបង្កើនការសម្របសម្រួលផ្នែកសន្តិសុខរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕