អាមេរិក ថារុស្ស៊ីបានទទួលមីស៊ីលពីអ៊ីរ៉ង់ ខណៈមហាអំណាចលោកខាងលិចពួតដៃគ្នាដាក់ទណ្ឌកម្ម

សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (១០ កញ្ញា) ថា រុស្ស៊ីបានទទួលមីស៊ីលបាលិស្ទិកពីអ៊ីរ៉ង់ សម្រាប់សង្គ្រាមនៅអ៊ុយក្រែន ខណៈអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើនាវា និងក្រុមហ៊ុនដែលខ្លួននិយាយថាពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធរបស់អ៊ីរ៉ង់ដល់ទីក្រុងមូស្គូ ហើយមហាអំណាចលោកខាងលិចបានប្រកាសដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ រួមទាំងសហភាពអឺរ៉ុបក៏បានប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លាផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡុងដ៍្រ មុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីដ ឡាំមី (David Lammy) លោករដ្ឋមន្ត្រីការបរទេសអាមេរិក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានព្រមានអ៊ីរ៉ង់ដោយសម្ងាត់ថា ការផ្តល់មីស៊ីលបាលិស្ទិកដល់រុស្ស៊ីនឹងក្លាយជា «ការបង្កើនភាពតានតឹងកាន់តែខ្លាំង»។

លោក Blinken បាននិយាយដោយសម្អាងលើចារកម្មសម្ងាត់ដែលត្រូវបានចែករំលែកជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិកជុំវិញពិភពលោកថា «ឥឡូវនេះរុស្ស៊ីបានទទួលការដឹកជញ្ជូនមីស៊ីលបាលិស្ទិកទាំងនេះ ហើយទំនងជានឹងប្រើប្រាស់វាក្នុងពេលប៉ុន្មានសប្តាហ៍ទៀតប្រឆាំងនឹងអ៊ុយក្រែន»។

កន្លងមក អ៊ីរ៉ង់បានផ្គត់ផ្គង់យានដ្រូន សាហេដ (Shahed) ដែលរុស្ស៊ីប្រើក្នុងអ៊ុយក្រែន ប៉ុន្តែបដិសេធថាខ្លួនមិនបានផ្គត់ផ្គង់មីស៊ីលបាលិស្ទិកដល់រុស្ស៊ីទេ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសឺ ខាណានី (Nasser Kanaani) កាលពីថ្ងៃអង្គារ បាននិយាយនៅលើបណ្ដាញសង្គម X ថា អ៊ីរ៉ង់ចាត់ទុករបាយការណ៍នេះថាជា «ការឃោសនាដ៏អាក្រក់» ដើម្បីលាក់បាំងការគាំទ្រផ្នែកយោធារបស់លោកខាងលិចចំពោះអ៊ីស្រាអែល។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) កាលពីថ្ងៃចន្ទបានបដិសេធមិនបញ្ជាក់ពីរបាយការណ៍នោះទេ ប៉ុន្តែបានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីកំពុងសហការជាមួយអ៊ីរ៉ង់ រួមទាំងតំបន់ដែលមានភាពរសើបបំផុត។ បារាំង អាល្លឺម៉ង់ និងអង់គ្លេសនិយាយថា ពួកគេកំពុងលុបចោលកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសជាមួយអ៊ីរ៉ង់ ហើយបានសន្យាថានឹងដាក់ទណ្ឌកម្មលើសេវាផ្លូវអាកាសរបស់អ៊ីរ៉ង់ និងអ្នកដែលពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលបាលិស្ទិករបស់ទីក្រុងតេអេរ៉ង់ និងផ្តល់អាវុធដល់រុស្ស៊ី៕