យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយជិត នៅឆ្នេរសមុទ្រភាគខាងកើត

យោធាប្រទេសកូរ៉េខាងត្បូង និយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតជាច្រើនគ្រាប់នៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី១២ កញ្ញា នេះ ជាការបាញ់លើកដំបូង ក្នុងរយៈពេលជាងពីរខែមកនេះ។

ឆ្មាំល្បាតឆ្នេររបស់ប្រទេសជប៉ុន និយាយ ថា មីស៊ីល ត្រូវបានគេជឿថាជាមីស៊ីលបាលីស្ទីកបាញ់ចេញពីប្រទេសកូរ៉េខាងជើង បានធ្លាក់រួចហើយ។

ទីភ្នាក់ងារព័ត៌មានក្យូដុរបស់ប្រទេសជប៉ុន បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនថា ពុំមានរបាយការណ៍អំពីការបំផ្លាញពីមីស៊ីលដែលសង្ស័យនោះទេ។

ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលលើកចុងក្រោយនៅថ្ងៃទី១ ខែកក្កដា នៅពេលនោះ ប្រទេសនេះបានអះអាងថា បានសាកល្បងដោយជោគជ័យនូវមីស៊ីលបាលីស្ទីកតាកទិកថ្មី ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់ធុនធំទម្ងន់៤,៥តោន ។

ប្រទេសឯកោមួយនេះ ក៏បានបញ្ជូនបាឡុងផ្ទុកសំរាមឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលពីរបីថ្ងៃកន្លងទៅនេះ ជាយុទ្ធនាការមួយដែលបានចាប់ផ្តើមកាលពីខែឧសភា ក្នុងការសងសឹកចំពោះខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងដែលបានបង្ហោះចូលទៅកូរ៉េខាងជើង ដោយប្រើប្រាស់បាឡុង ធ្វើឡើងដោយសកម្មជនកូរ៉េខាងត្បូង។