ក្រុមហាម៉ាសនិយាយថាខ្លួនត្រៀមរួចជាស្រេចដើម្បីអនុវត្តបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌថ្មីៗ

ក្រុមហាម៉ាសប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃពុធ ១១ កញ្ញា ថាក្រុមអ្នកចរចារបស់ខ្លួនបានរំលឹកឡើងវិញនូវការត្រៀមខ្លួនអនុវត្តបទឈប់បាញ់ភ្លាមៗជាមួយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាដោយផ្អែកលើសំណើរបស់សហរដ្ឋអាមេរិកពីកន្លងទៅដោយគ្មានលក្ខខណ្ឌថ្មីៗពីភាគីណាមួយឡើយ។

ក្រុមប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចរចារបស់ពួកគេដឹកនាំដោយមន្ត្រីជាន់ខ្ពស់លោក Khalil al-Hayya បានជួបក្រុមអ្នកសម្របសម្រួលកាលពីថ្ងៃពុធ រួមទាំងនាយករដ្ឋមន្រ្តីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani និងប្រធានចារកម្មអេហ្ស៊ីបលោក Abbas Kamel នៅទីក្រុង Doha ប្រទេសកាតាដើម្បីពិភាក្សាអំពីវឌ្ឍនភាពចុងក្រោយក្នុងដែនដីហ្កាហ្សា។

ការពិភាក្សារបានបរាជ័យជាបន្តបន្ទាប់រហូតមកដល់ពេលនេះក្នុងការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមមានអាយុកាល១១ខែ។ បញ្ហាអូសបន្លាយរួមមានការគ្រប់គ្រងច្រករបៀង ហ្វីឡាដេលហ្វៀ (Philadelphia) ជាច្រកតូចចង្អៀតនៅព្រំដែនហ្កាហ្សាជាមួយអេហ្ស៊ីប។

លោក William Burns ប្រមុខCIAដែលជាប្រធានអ្នកចរចារបស់អាមេរិកសម្រាប់ហ្កាហ្សា បាននិយាយកាលពីថ្ងៃសៅរ៍ថា សំណើបទឈប់បាញ់លម្អិតបន្ថែមទៀតនឹងត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

សំណើកាលពីកន្លងទៅដែលដាក់ចេញដោយលោកប្រធានាធិបតីអាមេរិក Joe Biden កាលពីខែមិថុនា បានដាក់ចេញនូវបទឈប់បាញ់បីដំណាក់កាល ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល៕