មន្ត្រីជំនាញជលផលក្រចេះ បន្តចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងចាក់លែងកូនត្រី​ចម្រុះចូលបឹងធម្មជាតិ

ខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយកម្លាំងនគរបាលប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាលខេត្ត រួមទាំងក្រុមប្រឹក្សាសង្កាត់ និងសហគមន៍ នេសាទ បានបន្តចុះត្រួតពិនិត្យ បង្ក្រាប​បទល្មើសជលផល និងចាក់លែងកូនត្រីចម្រុះ ចូលក្នុងបឹងធម្មជាតិ ស្ថិតក្នុងសង្កាត់រកាកណ្តាល និ​ង​សង្កាត់អូរឫស្សី ក្រុងក្រចេះ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។

កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាល ជលផល នៃមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តក្រចេះ បានបញ្ជាក់អោយដឹងថា រដូវនេះ គឺជារដូវបិទនេសាទ ការធ្វើ​នេសាទ​ដោយ​ប្រើ​ប្រាស់​ឧបករណ៍ស្បៃមុង និងសាច់អួន ក្រលាញឹក (សាច់ប៉ាក់) និងឧបករណ៍​ខុសច្បាប់​នេសាទ​ទាំង​ឡាយ គឺត្រូវច្បាប់ហាមឃាត់ ដាច់ខាតមិនអនុញ្ញាតិអោយប្រើឡើយ។ ហេតុដូច្នេះ បើសិនជា​បង​ប្អូន​អ្នក​នេសាទ នៅតែលួចធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ខាងលើ ថ្ងៃណាមួយសមត្ថកិច្ច ចាប់​ឃាត់ខ្លួនបាន បងប្អូននឹងត្រូវទទួលទោសតាមមាត្រា៩៩ ចំនុចទី៧ នៃច្បាប់ស្តីពី ជលផល ដោយ​ត្រូវ​ផ្តន្ទា​ទោស​ក្រោមបទល្មើសជលផលថ្នាក់ទី២ ដែលត្រូវដាក់ពន្ធនាគារ ពីមួយ (១) ឆ្នាំ ទៅបី (៣) ឆ្នាំ និង​ពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅ ហាសិបលាន (៥០.០០០.០០០)រៀល និង​វត្ថុ​តាង​ទាំងអស់ត្រូវរឹបអូសជាសម្បត្តិ៍រដ្ឋ ឬ បំផ្លាញចោល ។

លោក នាយខណ្ឌ ក៏បានអំពាវនាវដល់ប្រជានេសាទចូលរួមគោរពច្បាប់ទាំងអស់គ្នា ព្រោះរដូវនេះ ជា​រដូវ​ត្រី​ពង ដើម្បីការពារនឹងអភិរក្សាធនធានជលផលឲ្យមាននិរន្តរភាព ឋិតថេរគង់វង្ស ទាំងបច្ចុប្បន្ន និង​អនាគត​។

ជាក់ស្តែង នៅក្នុងសកម្មភាពចុះបង្ក្រាបបទល្មើសជលផលស្ថិតនៅទីតាំងខាងលើ​សមត្ថកិច្ចចម្រុះ បាន​ធ្វើ​ការ​រុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់ រួមមាន របាំងព្រួលស្បៃមុងចំនួន ១៧ខ្សែ មាន​ប្រវែង ៩៥០ម៉ែត្រ លូស្បៃមុងចំនួន ១៩មាត់លូ របាំងលប ណរ៉ាវ ចំនួន ០២ខ្សែ ប្រវែង១៤០ម៉ែត្រ។ លប ណរ៉ាវ (លបកាវ) ០៤គ្រឿង បង្គោលចម្រឹងប្ញស្សី ចំនួន ២៦០ដើម និង​បាន​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់​ប្រមាណ ១០០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ៕ ដោយ សេង ម័រ