ក្រុមហ៊ុន ispace របស់ជប៉ុន មានបំណងចាប់ផ្ដើមបេសកកម្មចុះចតឋានព្រះចន្ទលើកទីពីរនៅខែធ្នូ

នាយកប្រតិបត្តិក្រុមហ៊ុនរុករកអវកាសជប៉ុន អាយស្ពេស (ispace) លោក តាកេស្ហិ ហាកាម៉ាដា (Takeshi Hakamada) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) នេះថា ក្រុមហ៊ុនលោកនឹងចាប់ផ្តើមបេសកកម្មចុះចតលើឋានព្រះចន្ទជាលើកទីពីររបស់ខ្លួននៅដើមខែធ្នូ ខាងមុខនេះ។

លោក Hakamada និយាយថា បេសកកម្មទី២ ឈ្មោះ “ហាគូតុ-អា” (Hakuto-R Mission 2) នឹងមើលឃើញយានអវកាសរបស់ ispace ដឹកដោយយានជំរុញ ហ្វាលខន៩ (Falcon 9) របស់ក្រុមហ៊ុន ស្ពេសអ៊ិច ( SpaceX) ពីរដ្ឋហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក ហើយនឹងព្យាយាមចុះចតលើឋានព្រះចន្ទ បន្ទាប់ពីហោះហើរបានរយៈពេល ៤ទៅ ៥ខែ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងពិតជារំភើបណាស់ដែលការព្យាយាមម្តងទៀតរបស់យើងទៅកាន់ឋានព្រះចន្ទជិតមកដល់”។ បេសកកម្មទីពីរនេះនឹងឡើងបន្ទាប់ពីការប៉ុនប៉ងចុះចតលើកដំបូងរបស់ ispace នៅខែមេសា ឆ្នាំ២០២៣ ដែលបានបរាជ័យក្នុងគ្រាចុងក្រោយ ដោយសារការគណនារយៈកម្ពស់ខុស។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូមួយនេះមានគោលបំណងដើរតាមភាពជោគជ័យនៃក្រុមហ៊ុន អ៊ីនធូអ៊ីធីវ ម៉ាស៊ីន (Intuitive Machines) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកាលពីខែកុម្ភៈបានចុះចតលើឋានព្រះចន្ទដោយជោគជ័យពីក្រុមហ៊ុនឯកជនដំបូងគេរបស់ពិភពលោក។ ឋានព្រះចន្ទគឺជាទីតាំងការប្រណាំងផ្នែកអវកាសកាន់តែខ្លាំងឡើងរបស់បណ្ដាប្រទេសដើម្បីស្វែងរកប្រភពទឹក ប្រេងឥន្ធនៈ និងធនធានផ្សេងទៀតដែលអាចទ្រទ្រង់ជីវិតមនុស្ស ក្នុងចំណោមគោលដៅផ្សេងទៀត។ បេសកកម្មជាតិរបស់ឥណ្ឌា ជប៉ុន និងចិន បានចុះចតលើផ្ទៃព្រះចន្ទចាប់តាំងពីឆ្នាំមុនមក៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *