[UPDATE] លីបង់មើលឃើញជម្លោះធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ២០០៦ ខណៈការវាយប្រហារ​របស់អ៊ីស្រាអែល សម្លាប់មនុស្សជិត៥០០នាក់

ក្រុមអាជ្ញាធរលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះលើប្រទេសលីបង់បានសម្លាប់មនុស្សជាង៤៩០ នាក់ ក្នុងនោះមានស្ត្រី និងកុមារជាង៩០ នាក់ក្នុងការវាយប្រហារដ៏ព្រៃផ្សៃបំផុតចាប់តាំងពីសង្រ្គាមអ៊ីស្រាអែលនិងក្រុមហេសបូឡាឆ្នាំ ២០០៦ ។ យោធាអ៊ីស្រាអែលបានព្រមានប្រជាជននៅភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ ឱ្យជម្លៀសខ្លួនចេញ មុនយុទ្ធនាការតាមអាកាសដ៏ធំរបស់ខ្លួនលើក្រុមហេសបូឡា។

ប្រជាជនលីបង់រាប់ពាន់នាក់បានភៀសខ្លួនចេញពីភាគខាងត្បូង ហើយផ្លូវហាយវ៉េដ៏សំខាន់ចេញពីទីក្រុងកំពង់ផែស៊ីដុន (Sidon) ភាគខាងត្បូង ត្រូវបានកកស្ទះដោយរថយន្ត ដែលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងបេរូត ជាការចាកចេញដ៏ធំបំផុតចាប់តាំងពីឆ្នាំ ២០០៦មក។

ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយប្រហារបានសម្លាប់មនុស្សចំនួន ៤៩២នាក់ រួមទាំងកុមារ៣៥ នាក់ និងស្ត្រី៥៨ នាក់ និងបានបណ្ដាលឱ្យមនុស្ស១.៦៤៥នាក់រងរបួស ជាចំនួនដ៏ច្រើនបំផុតក្នុងពេលតែមួយថ្ងៃ សម្រាប់ប្រទេសមួយដែលរងគ្រោះពីការវាយប្រហារដ៏សាហាវលើឧបករណ៍ទំនាក់ទំនងកាលពីសប្តាហ៍មុន។

នៅក្នុងសារមួយដែលបានថតទុក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជំរុញឱ្យជនស៊ីវិលលីបង់ គោរពតាមការអំពាវនាវរបស់អ៊ីស្រាអែល ឱ្យជម្លៀសចេញ ដោយនិយាយថា ត្រូវយកចិត្តទុកដាក់ចំពោះការព្រមាននេះ។

លោក Netanyahu បាននិយាយថា សូមចាកចេញពីផ្លូវគ្រោះថ្នាក់ឥឡូវនេះ។ នៅពេលដែលប្រតិបត្តិការរបស់យើងត្រូវបានបញ្ចប់ អ្នកអាចត្រលប់ទៅផ្ទះរបស់អ្នកវិញដោយសុវត្ថិភាព៕