លោកBiden៖ ឥឡូវដល់ពេលដែលត្រូវចុះកិច្ចព្រមព្រៀងហ្កាហ្សានិងបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាហើយ

លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានព្រមានប្រឆាំងនឹងសង្គ្រាមពេញបន្ទុកនៅមជ្ឈិមបូព៌ា ដោយជំរុញឱ្យបណ្ដាមេដឹកនាំស្វែងរកដំណោះស្រាយការទូតទាំង នៅលីបង់ និងហ្កាហ្សា។

លោក Biden បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលចូលក្នុងប្រទេសលីបង់ដាក់គោលដៅទៅលើក្រុម ហេស្បូឡាបានសម្លាប់មនុស្សជាង ៥០០នាក់ថាសង្គ្រាមពេញបន្ទុកមិនស្ថិតនៅក្នុងផលប្រយោជន៍របស់នរណាម្នាក់ឡើយ ។លោកបន្តថា ទោះបីស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនខ្លាំងក៏ដោយ ក៏ដំណោះស្រាយការទូតនៅតែអាចធ្វើទៅបាន។

ដោយនិយាយអំពីជម្លោះដែលកំពុងកើនឡើងនៅលីបង់ ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថាតាមពិតទៅ វានៅតែជាផ្លូវតែមួយគត់ឆ្ពោះទៅរកសន្តិសុខយូរអង្វែង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋមកពីប្រទេសទាំងពីរ ត្រឡប់ទៅផ្ទះរបស់ពួកគេវិញតាមព្រំដែនដោយសុវត្ថិភាព។ហើយនោះជាអ្វីដែលយើងកំពុងធ្វើដោយមិនខ្លាចនឿយហត់ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ។

ការបង្ហូរឈាមនៅក្នុងប្រទេសលីបង់បានកើតមានឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើនខែរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងដែនដី ហ្កាហ្សាប៉ាឡេស្ទីន បានបរាជ័យ។

លោក Biden បាននិយាយថាលោកនៅតែជំរុញឱ្យមានបទឈប់បាញ់ក្នុងសង្គ្រាមជិតមួយឆ្នាំនៅហ្កាហ្សា។ លោកថាខ្ញុំបានដើរទៅមុខជាមួយកាតា និងអេហ្ស៊ីប ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ហើយកិច្ចព្រមព្រៀងនេះត្រូវបានគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ឥឡូវនេះដល់ពេលវេលាសម្រាប់ភាគីទាំងអស់បញ្ចប់លក្ខខណ្ឌរបស់ខ្លួនហើយ៕