ប្រភព៖ អ៊ីរ៉ង់ កំពុងសម្របសម្រួលកិច្ចចរចាដើម្បីបញ្ជូនមីស៊ីលទំនើបរបស់រុស្ស៊ី ទៅឱ្យក្រុមហ៊ូទី

ប្រភពពីលោកខាងលិច និងក្នុងតំបន់បាននិយាយថា អ៊ីរ៉ង់បាននឹងកំពុងសម្របសម្រួលកិច្ចចរចាសម្ងាត់ដែលកំពុងបន្តរវាងរុស្ស៊ី និងក្រុមឧទ្ទាម ហ៊ូទី របស់យេម៉ែន ដើម្បីផ្ទេរមីស៊ីលប្រឆាំងនាវាទៅកាន់ក្រុមសកម្មប្រយុទ្ធមួយនេះ ដែលជាសញ្ញាបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ។

ប្រភពចំនួនប្រាំពីរនិយាយថា រុស្ស៊ីមិនទាន់សម្រេចចិត្តផ្ទេរមីស៊ីល យ៉ាកខុន (Yakhont) ឬត្រូវបានគេស្គាល់ថា ភី-៨០០ អូនីក (P-800 Oniks) នៅឡើយទេ ដែលអ្នកជំនាញនិយាយថានឹងអនុញ្ញាតឱ្យក្រុមសកម្មប្រយុទ្ធនេះវាយប្រហារបានជាក់លាក់ជាងមុនលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម និងបង្កើនការគំរាមកំហែងដល់នាវាចម្បាំងអាមេរិក និងអឺរ៉ុប ដែលការពារនៅទីនោះ។

សារព័ត៌មាន វ៉លស្រ្ទីតជើណល (Wall Street Journal) បានរាយការណ៍កាលពីខែកក្កដាថា រុស្ស៊ីកំពុងពិចារណាបញ្ជូនមីស៊ីលទាំងនោះ ខណៈតួនាទីរបស់អ៊ីរ៉ង់ ជាអន្តរការីនេះមិនត្រូវបានគេរាយការណ៍ពីមុនទេ។ ក្រុមហ៊ូទី បានចាប់ផ្តើមការវាយប្រហារដោយយានដ្រូន និងមីស៊ីលម្តងហើយម្តងទៀតលើនាវានៅក្នុងបណ្តាញដឹកជញ្ជូនសមុទ្រក្រហមដ៏សំខាន់ចាប់តាំងពីខែវិច្ឆិកាមក ដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីនក្នុងសង្រ្គាមហ្កាហ្សា ជាមួយអ៊ីស្រាអែល។

មន្ត្រីក្នុងតំបន់ពីររូបដែលដឹងពីកិច្ចចរចានោះបាននិយាយថា ក្រុមហ៊ូទី និងរុស្ស៊ី បានជួបគ្នាក្នុងទីក្រុងតេអេរ៉ង់ យ៉ាងហោចណាស់ពីរដងក្នុងឆ្នាំនេះ ហើយថាការពិភាក្សាដើម្បីផ្តល់មីស៊ីលរាប់សិបគ្រាប់ដែលមានរយៈចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ នោះកំពុងបន្តជាមួយកិច្ចប្រជុំនៅទីក្រុងតេអេរ៉ង់បន្ថែមទៀត ដែលរំពឹងទុកនៅប៉ុន្មានសប្តាហ៍ខាងមុខ៕