អង់គ្លេសចេញការព្រមានពីទឹកជំនន់នៅតំបន់មួយចំនួន និងនៅដែនដីវ៉េលស៍ ទោះពុំសូវមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ

ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះបានបន្តបង្កឱ្យមានការរំខាននៅទូទាំងតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសអង់គ្លេស ខណៈសន្ធឹកទឹកភ្លៀងបានស្រុតចុះបន្តិច។ ខណៈកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ពុំមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត សាលារៀន និងផ្លូវមួយចំនួននៅតែបិទ។

កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះដែរ មានការព្រមានអំពីទឹកជំនន់ជាង ២០លើក ដែលមានន័យថាទឹកជំនន់ត្រូវរំពឹងទុកថាអាចនឹងកើតឡើង និងការជូនដំណឹងអំពីទឹកជំនន់ជាង ៥០លើក ដែលមានន័យថាទឹកជំនន់អាចកើតឡើង ។

តំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើនក្នុងរយៈពេលប៉ុន្មានម៉ោងកាលពីចុងសប្តាហ៍មុន និងថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ការព្រមានអំពីអាកាសធាតុពណ៌លឿងសម្រាប់ភ្លៀងធ្លាក់នៅថ្ងៃព្រហស្បតិ៍ ក្នុងតំបន់ភាគខាងជើងនៃប្រទេសអង់គ្លេស ក៏ត្រូវបានចេញផ្សាយផងដែរ។ផ្លូវនានាត្រូវបានបិទ ហើយផ្លូវរថភ្លើងត្រូវបានរងការរំខាន ។

តំបន់ជាច្រើនបានរងផលប៉ះពាល់រួមទាំងតំបន់មួយចំនួន នៅទីក្រុង Northampton ទីក្រុង Somerset ទីក្រុង Buckinghamshire និងទីក្រុង Worcestershire រហូតទៅដល់ទីក្រុង Newport ក្នុងដែនដីវ៉េលស៍ (Wales) របស់អង់គ្លេស។

កាលពីសប្ដាហ៍មុន ព្យុះភ្លៀង និងទឹកជំនន់ បានវាយប្រហារប្រទេសមួយចំនួននៅអឺរ៉ុបកណ្ដាល ដូចជា ប្រទេសអ៊ីតាលី សាធារណរដ្ឋឆែក ស្លូវ៉ាគី ប៉ូឡូញ និង អូទ្រីស ដែលបានឆក់យកជីវិតមនុស្ស២៤នាក់ ៕