អ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់ភាពតានតឹងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោក

ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន (Masoud Pezeshkian) បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ UNGA កាលពីថ្ងៃអង្គារ (២៤ កញ្ញា) ថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នានៃភាពតានតឹងនុយក្លេអ៊ែជាមួយលោកខាងលិច ខណៈអំពាវនាវឱ្យបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន តាមរយៈការសន្ទនា។

ថ្នាក់ដឹកនាំអ៊ីរ៉ង់ សង្ឃឹមថានឹងមើលឃើញការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិក ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសធ្លាក់ចុះ។ លោក Pezeshkian បាននិយាយថា «យើងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ប្រសិនបើការប្តេជ្ញាចិត្តរបស់កិច្ចព្រមព្រៀងត្រូវបានអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់ ការសន្ទនាលើបញ្ហាផ្សេងទៀតអាចអនុវត្តតាមបន្ទាប់ពីនោះ»។

លោក Donald Trump ក្នុងតំណែងជាប្រធានាធិបតីរបស់ខ្លួននៅពេលនោះ បានបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងប្រទេសមហាអំណាចចំនួន៦ នៅក្នុងឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឡើងវិញយ៉ាងតឹងរ៉ឹងលើអ៊ីរ៉ង់។ កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារកតិកាសញ្ញានេះឡើងវិញបានបរាជ័យជាបន្តបន្ទាប់។

កិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលលោកអតីតប្រធានាធិបតី Trump បានបោះបង់ចោលនោះ បានជំរុញការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ នៅកម្រិតភាពសុទ្ធ ៣,៦៧% និងការស្តុកទុកសម្ភារៈប្រភេទនេះនៅ ២០២,៨គីឡូក្រាម ដែលនោះជាដែនកំណត់ដែលទីក្រុងតេអេរ៉ង់ បានឡើងលើសខ្លាំងរួចទៅហើយ។ អាមេរិក សម្ព័ន្ធមិត្តអឺរ៉ុប និងអ៊ីស្រាអែល បានចោទទីក្រុងតេអេរ៉ង់ថា ប្រើប្រាស់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាស្បៃមុខសម្រាប់កិច្ចប្រឹងប្រែងដើម្បីព្យាយាមអភិវឌ្ឍសមត្ថភាពផលិតអាវុធ ខណៈអ៊ីរ៉ង់និយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ៕