អ៊ីស្រាអែល ថាខ្លួនបើកចំហចំពោះគំនិតក្នុងការបន្ធូរបន្ថយភាពតានតឹងនៅលីបង់

លោក ដាននី ដាណុន (Danny Danon) ឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែល ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (២៤ កញ្ញា) ថា អ៊ីស្រាអែល បើកចំហចំពោះគំនិតទាំងឡាយណាក្នុងការបន្ធូរបន្ថយភាពតានតឹងនៃជម្លោះនៅក្នុងប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងស្វែងរក “គំនិតជាក់ស្តែង” មួយចំនួនជាមួយសម្ព័ន្ធមិត្ត និងដៃគូ។

លោក Danon បានប្រាប់អ្នកយកព័ត៌មានថា “មានកម្លាំងសំខាន់ៗដែលព្យាយាមបង្កើតគំនិតកាត់បន្ថយជម្លោះ ហើយយើងបើកចំហចំពោះរឿងនោះ និងដំណោះស្រាយការទូត»។

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងសប្តាហ៍នេះ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា របស់លីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ បានបង្កើនការភ័យខ្លាចថា ជម្លោះជិតមួយឆ្នាំនេះនឹងផ្ទុះឡើងពេញបន្ទុក និងធ្វើឱ្យមានអស្ថិរភាពបន្ថែមទៀតនៅមជ្ឈិមបូព៌ា ជាទីដែលសង្រ្គាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល កំពុងផ្ទុះឡើងរួចទៅហើយនៅក្នុងតំបន់ហ្កាហ្សា។

អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងផ្លាស់ប្តូរការផ្តោតចេញពីតំបន់ហ្កាហ្សា ទៅកាន់ព្រំដែនភាគខាងជើង ជាទីដែលក្រុមហេសបូឡា បាននឹងកំពុងបាញ់គ្រាប់រ៉ូកែតចូលទៅក្នុងអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស។

រដ្ឋាភិបាលអ៊ីស្រាអែល បានកំណត់អាទិភាពសង្រ្គាមក្នុងការធានាព្រំដែនភាគខាងជើងរបស់ខ្លួន និងអនុញ្ញាតឱ្យមានការវិលត្រឡប់នៅទីនោះវិញនូវអ្នកស្រុកប្រហែល ៧០.០០០នាក់ ដែលត្រូវបានជម្លៀសដោយសារជម្លោះ ខណៈក្រុមហេសបូឡា បានប្តេជ្ញាថានឹងដកថយទេរហូតដល់មានបទឈប់បាញ់នៅតំបន់ហ្កាហ្សា៕