បារាំង និងអាមេរិក កំពុងធ្វើការលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅលីបង់ ជាមួយអ៊ីស្រាអែល

ប្រទេសបារាំង បាននិយាយកាលពីថ្ងៃពុធ (២៥ កញ្ញា) ថា កិច្ចខិតខំប្រឹងប្រែងកំពុងតែបន្តយ៉ាងមមាញឹកដើម្បីឈានដល់កិច្ចព្រមព្រៀងមួយលើសំណើសម្រាប់បទឈប់បាញ់រយៈពេល ២១ថ្ងៃនៅក្នុងជម្លោះលីបង់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់នូអែល បារ៉ូ (Jean-Noel Barrot) បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា “យើងមានការវិវឌ្ឍដ៏សំខាន់ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ហើយយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀតដើម្បីឈានដល់លទ្ធភាពនៃកិច្ចព្រមព្រៀងមួយ”។

អ៊ីស្រាអែល បានពង្រីកការវាយប្រហារតាមអាកាសរបស់ខ្លួននៅលីបង់ កាលពីថ្ងៃពុធ ហើយក្រសួងសុខាភិបាលលីបង់ និយាយថាមនុស្សជាង ៧០នាក់បានស្លាប់ និងជាង ២០០នាក់របួស។

លោក រ៉ូប៊ឺត វ៉ូដ (Robert Wood) ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាថា អាមេរិកកំពុងធ្វើការជាមួយប្រទេសផ្សេងទៀតដើម្បីទប់ស្កាត់ការកើនឡើងនៃអរិភាព អនុញ្ញាតឱ្យជនភៀសខ្លួននៅលីបង់ និងអ៊ីស្រាអែលត្រឡប់ទៅផ្ទះសម្បែងពួកគេវិញ និងអនុញ្ញាតឱ្យមានការពិភាក្សាអំពីដំណោះស្រាយការទូតដ៏ទូលំទូលាយមួយ។

លោក ដាននី ដាណុន (Danny Danon) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មានមុនកិច្ចប្រជុំថា អ៊ីស្រាអែល នឹងស្វាគមន៍បទឈប់បាញ់ និងពេញចិត្តចំពោះដំណោះស្រាយការទូត។ មេដឹកនាំពិភពលោកបានសម្តែងការព្រួយបារម្ភអំពីជម្លោះដ៏តានតឹងមួយនេះ ដែលកើតឡើងស្របគ្នានឹងសង្រ្គាមរបស់អ៊ីស្រាអែល នៅហ្កាហ្សា ប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនគាំទ្រដោយអ៊ីរ៉ង់ ខណៈចំនួនអ្នកស្លាប់បន្តកើនឡើងនៅលីបង់ ហើយមនុស្សរាប់ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕