កូរ៉េខាងត្បូង នឹងផ្អាកកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងជើង ជុំវិញបញ្ហាបាឡុងសំរាម

ការិយាល័យប្រធានាធិបតី បាននិយាយកាលពីថ្ងៃចន្ទ (០៣ មិថុនា) ថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងផ្អាកកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើង ក្នុងឆ្នាំ២០១៨ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីទីក្រុងសេអ៊ូល បានព្រមានពីការឆ្លើយតបដ៏ខ្លាំងក្លាចំពោះបាឡុងដឹកសំរាមដែលបង្ហោះដោយទីក្រុងព្យុងយ៉ាង ទៅកាន់កូរ៉េខាងត្បូង។

កូរ៉េខាងជើង បានបង្ហោះបាឡុងដឹកសំរាមរាប់រយគ្រឿងរសាត់តាមខ្យល់ឆ្លងកាត់ព្រំដែន ដែលបានទម្លាក់សំរាមពាសពេញទីក្រុងសេអ៊ូល ហើយកូរ៉េខាងត្បូង ហៅបាឡុងនោះថាជាការបង្កហេតុ និងបានច្រានចោលការអះអាងរបស់ទីក្រុងព្យុងយ៉ាង ដែលថាធ្វើឡើងដើម្បីបង្កការរំខានដល់អ្នកជិតខាងរបស់ខ្លួន។

ក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយថា ខ្លួននឹងលើកផែនការផ្អាកទាំងស្រុងនៃកិច្ចព្រមព្រៀងយោធាសម្រាប់ការអនុម័តដោយគណៈរដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារ (០៤ មិថុនា) នេះ។

 

ក្រុមប្រឹក្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកកិច្ចព្រមព្រៀងនេះនឹងត្រួសត្រាយផ្លូវសម្រាប់កូរ៉េខាងត្បូង ក្នុងការធ្វើការហ្វឹកហ្វឺននៅជិតព្រំដែនយោធា និងចាត់វិធានការឱ្យបានគ្រប់គ្រាន់ និងជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុរបស់កូរ៉េខាងជើង។

កតិកាសញ្ញា ដែលជាកិច្ចព្រមព្រៀងដ៏សំខាន់បំផុតកើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រអស់ជាច្រើនខែរវាងកូរ៉េទាំងពីរក្នុងឆ្នាំ២០១៨ នេះ ត្រូវបានរង្គោះរង្គើរនៅពេលដែលទីក្រុងព្យុងយ៉ាង បានប្រកាសកាលពីឆ្នាំមុនថាខ្លួនលែងគោរពតាមកិច្ចព្រមព្រៀងនោះទៀតហើយ។ ចាប់តាំងពីពេលនោះមក ខាងជើងបានដាក់ពង្រាយទាហាន និងសព្វាវុធនៅប៉ុស្តិ៍យាមក្បែរព្រំដែនយោធារវាងប្រទេសទាំងពីរ៕