UN៖ អ៊ីរ៉ង់ និងក្រុមហេសបូឡា បានផ្តល់លទ្ធភាពឱ្យមានការកើនឡើងរបស់ក្រុមហ៊ូធី

យោងតាមរបាយការណ៍សម្ងាត់របស់អង្គការឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន បានកើនឡើង «ពីក្រុមប្រដាប់អាវុធក្នុងស្រុក សមត្ថភាពមានកម្រិត ទៅជាអង្គភាពយោធាដ៏មានឥទ្ធិពល» ដោយមានជំនួយពីកងឆ្មាំបដិវត្តន៍ជាន់ខ្ពស់អ៊ីរ៉ង់ ក្រុមហេសបូឡានៅប្រទេសលីបង់ និងអ្នកជំនាញអ៊ីរ៉ាក់ ។

គណៈកម្មាការជំនាញឯករាជ្យ ដែលរាយការណ៍ជារៀងរាល់ឆ្នាំទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយថា ក្រុមអ្នកប្រយុទ្ធហ៊ូទី ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងតាកទិកនៅខាងក្រៅប្រទេសយេម៉ែន ដោយធ្វើដំណើរកាន់លិខិតឆ្លងដែនក្លែងក្លាយទៅកាន់ប្រទេសអ៊ីរ៉ង់ លីបង់ និងប្រទេសអ៊ីរ៉ាក់។

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ក្រុមហ៊ូទី បានចាប់ផ្តើមការវាយលុកដោយប្រើប្រាស់យានដ្រូន និងមីស៊ីលម្តងហើយម្តងទៀត ទៅលើនាវាស្ថិតក្នុងបណ្តាញដឹកជញ្ជូននៅសមុទ្រក្រហមដ៏សំខាន់ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដល់ពលរដ្ឋប៉ាឡេស្ទីនក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សាជាមួយអ៊ីស្រាអែល ដែលបានធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មដែនសមុទ្រពិភពលោក និងបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនបង្វែរទិសដៅដឹកទំនិញ។

ក្រុមហ៊ូទី ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍របស់អង្គការសហប្រជាជាតិនោះទេ។ ក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្ម បាននិយាយថា ប្រព័ន្ធសព្វាវុធដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ូទី គឺស្រដៀងទៅនឹងសព្វាវុធដែលត្រូវបានផលិត និងដំណើរការដោយប្រទេសអ៊ីរ៉ង់ ឬក្រុមប្រដាប់អាវុធអ័ក្សនៃចលនាតស៊ូ គាំទ្រដោយទីក្រុងទីក្រុងតេអេរ៉ង់ ដែលប្រឆាំងទៅនឹងឥទ្ធិពលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា។