ក្រុមចម្រុះអាមេរិក-អង់គ្លេស បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីយេម៉ែន និងទីក្រុងនានា

ទូរទស្សន៍ al-Masirah របស់ក្រុមហ៊ួទី បានរាយការណ៍ថា យន្តហោះចម្បាំងរបស់ក្រុមចម្រុះនៃកងទ័ពជើងទឹកអាមេរិក-អង់គ្លេស កាលពីថ្ងៃសុក្រ បានបើកការវាយប្រហារតាមអាកាសចំនួន ១២លើក លើទីក្រុង Sanaa, Hodeidah និង Dhamar របស់ប្រទេសយេម៉ែន។

នៅក្នុងរដ្ឋធានី Sanaa ក្រុមចម្រុះ បានធ្វើការវាយប្រហារចំនួន ៤លើក សំដៅលើទីតាំងថែទាំយោធា ដែលជាមូលដ្ឋានយោធាមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុងហ៊ួទី នៅកណ្តាលទីក្រុងនេះ។ បន្ទាប់ពីការវាយប្រហារដោយហិង្សា ការផ្ទុះយ៉ាងខ្លាំង បានកក្រើកទីក្រុងទាំងមូល ហើយផ្សែងខ្មៅហុយចេញពីកន្លែងដែលបានកំណត់គោលដៅ។ អ្នកស្រុក បាននិយាយថា គេឃើញរថយន្តសង្គ្រោះបន្ទាន់មកដល់កន្លែងកើតហេតុ។

នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នាប្រឆាំងនឹងទីក្រុងកំពង់ផែ Hodeidah សមុទ្រក្រហម ក្រុមចម្រុះនៃកងទ័ពជើងទឹក បានកំណត់គោលដៅអាកាសយានដ្ឋាន និងតំបន់ Al-Katheeb ភាគពាយ័ព្យនៃទីក្រុងនេះ។ នេះបើយោងតាមទូរទស្សន៍ al-Masirah។

ទន្ទឹមនឹងនោះ ការវាយប្រហារតាមអាកាសមួយទៀត បានសំដៅទៅលើទីតាំងយោធាហ៊ួទី នៅភាគខាងត្បូងនៃទីក្រុង Dhamar។

ក្រុមអាមេរិក-អង់គ្លេស មិនទាន់ធ្វើអត្ថាធិប្បាយលើឧបទ្ទវហេតុនេះទេ ហើយមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស នៅឡើយទេ។