ព្រះករុណា ព្រះមហាក្សត្រ យាងចូលរួម និងថ្លែងព្រះរាជសុន្ទរកថា ក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅទីក្រុងប៉ារីស AKP ប៉ារីស ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤– ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យបានយាងចូលរួម និងថ្លែងព្រះរាជសុន្ទរកថា ក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង នាល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។ នៅក្នុងពិធីបិទកិច្ចប្រជុំកំពូលលើកទី១៩នេះ ក៏មានការប្រកាសជាផ្លូវការអំពីកម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅក្នុងឆ្នាំ២០២៦ ផងដែរ។