អ៊ីស្រាអែល បន្តការវាយប្រហារកាន់តែខ្លាំងក្លាលើគោលដៅរបស់ក្រុមហេសបូឡានៅទីក្រុង Beirut
ការផ្ទុះដ៏ធំបានកើតមាននៅក្នុងទីក្រុង Beirut កាលពីយប់ថ្ងៃសៅរ៍ ស្របពេលដែលកងកម្លាំងអ៊ីស្រាអែល បើកការវាយប្រហារកាន់តែខ្លាំងក្លាលើគោលដៅរបស់ក្រុមហេសបូឡានៅក្នុងរដ្ឋធានីរបស់ប្រទេសលីបង់មួយនេះ ។
ចំណែកឯការផ្ទុះដូចគ្នា ត្រូវបានឮផងដែរនៅតំបន់ភាគខាងជើងអ៊ីស្រាអែលនាថ្ងៃអាទិត្យនេះ ពេលដែលការប្រកាសអាសន្នកម្រិតពណ៌ក្រហម ត្រូវបានចេញ ហើយប្រព័ន្ធការពារមីស៊ីល Iron Dome បានដំណើរការ ។ ពន្លឺជាច្រើនបានឆ្លុះអគារពីក្រោម ពេលដែលការបាញ់ស្កាត់បានកើតឡើង ។
អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លានៅប្រទេសលីបង់ និងបានបញ្ជូនទាហានឆ្លងកាត់ព្រំដែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីផ្ទុះអាវុធជាមួយក្រុមហេសបូឡា អស់រយៈពេលជិត ១ឆ្នាំ ។
កាលពីមុន ការផ្ទុះអាវុធមានដែនកំណត់នៅតាមតំបន់ព្រំដែនអ៊ីស្រាអែល-លីបង់ ដោយសារអ៊ីស្រាអែលជាប់ធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាស្រ្ទីប ។
អ៊ីស្រាអែល និយាយថា ពួកគេមានគោលបំណងឲ្យមានការវិលត្រឡប់មកវិញដោយសុវត្ថិភាពសម្រាប់ពលរដ្ឋរាប់ម៉ឺននាក់របស់ពួកគេ នៅតំបន់ភាគខាងជើងអ៊ីស្រាអែល ដែលរងការទម្លាក់គ្រាប់បែកដោយក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំមុន រហូតមក ។
ក្រុមមន្រ្តីលីបង់ និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ពលរដ្ឋសាមញ្ញលីបង់រាប់រយនាក់ រួមទាំងក្រុមជួយសង្រ្គោះផងដែរ ហើយនិងបង្ខំឲ្យមនុស្ស ១.២លាននាក់ ដែលស្មើនឹងជិត១ភាគ៤នៃពលរដ្ឋសរុប រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ២៥នាក់ និងមនុស្ស ១២៧នាក់ផ្សេងទៀត រងរបួស ក្នុងរយៈពេល ១ថ្ងៃមុន ៕

Leave a Reply