អ៊ីស្រាអែលផ្តើមវាយលុកចូលដីលីបង់

បរទេស៖ ខុសពីរាល់ដង ដែលតែងតែវាយប្រហារតាមផ្លូវអាកាស អ៊ីស្រាអែលបានអះអាង កាលពីថ្ងៃសៅរ៍ថា ទាហានរបស់ខ្លួនបានវាយលុកចូលដីប្រទេសលីបង់ ហើយបូកសរុបទាំងការវាយលុកចូលដីនៅហ្គាហ្សា មានប្រហែ២៨០លើក នៅចុងសប្តាហ៍នេះ។

យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារគោលដៅភេរវករ អំឡុងប្រតិបត្តិការប្រយុទ្ធ នៅក្នុងប្រទេសលីបង់ និងហ្គាហ្សា។ ប្រភពបន្តថា «ក្នុងចំណោមគោលដៅទាំងនេះ មានទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មក្រោមដី, កន្លែងផ្ទុកអាវុធ, មជ្ឈមណ្ឌលបញ្ជាការយោធា, កោសិកាភេរវករ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវករបន្ថែម»។

អស់ជាច្រើនសប្តាហ៍មកហើយ ដែលអ៊ីស្រាអែលបាននិងកំពុងបង្កើនការប្រយុទ្ធរបស់ខ្លួន ប្រឆាំងនឹងក្រុមហេសបូឡា នៅតាមបណ្តោយព្រំដែន ភាគខាងជើង ខណៈដែលកំពុងវាយលុកទីតាំងរឹងមាំរបស់ក្រុមហេសបូឡា ជាមួយនឹងការវាយប្រហារតាមអាកាស នៅជាយក្រុង ភាគខាងត្បូង នៃទីក្រុងបេរូត។ ក្នុងពេលជាមួយគ្នានោះ កងកម្លាំងរបស់ខ្លួននៅតែបន្តធ្វើប្រតិបត្តិការប្រយុទ្ធ នៅតំបន់ហ្គាហ្សាស្ទ្រីប។

សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា បានសម្លាប់មនុស្សជាង ១,២០០នាក់ហើយ នៅក្នុងប្រទេសលីបង់ នេះបើយោងតាមតួលេខក្រសួងសុខាភិបាលលីបង់ ហើយបានបង្ខំមនុស្សជាងមួយលាននាក់ ឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ រីឯនៅហ្គាហ្សាវិញ ស្លាប់មនុស្ស ជាង៤ម៉ឺន២ពាន់នាក់ហើយ ក្នុងពេលជាង១ឆ្នាំមកនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត