ក្រុមអាជ្ញាធរនិយាយថា នគរបាលបានចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនជាង ២០០នាក់ ដែលបានធ្វើបាតុកម្មនៅខាងក្រៅផ្សារហ៊ុនញូវយ៉ក (New York Stock Exchange) សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (១៤ តុលា) ដើម្បីទាមទារឱ្យបញ្ចប់ការគាំទ្ររបស់អាមេរិក សម្រាប់សង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
ក្រុមបាតុករដែលភាគច្រើនមកពីក្រុមសកម្មជនដូចជា ក្រុមសំឡេងជ្វីហ្វដើម្បីសន្តិភាព (JVP) បានស្រែកពាក្យតវ៉ាថា “អនុញ្ញាតឱ្យហ្កាហ្សារស់រានផង” និង “បញ្ឈប់ការផ្តល់មូលនិធិដល់អំពើប្រល័យពូជសាសន៍” នៅមុខអគារដ៏ធំនៃផ្សារភាគហ៊ុននៅជិតផ្លូវ វ៉ល ស្រ្ទីត (Wall Street) ក្នុងទីក្រុង មែនហាតថាន់ (Manhattan)។
ពុំមានបាតុករណាម្នាក់បានចូលទៅដល់ខាងក្នុងផ្សារហ៊ុននោះទេ ប៉ុន្តែមនុស្សរាប់សិបនាក់បានឆ្លងកាត់របងសន្តិសុខរបស់នគរបាលដែលបង្កើតឡើងនៅខាងក្រៅអគារនោះនៅលើផ្លូវ ប្រដ ស្ទ្រីត (Broad Street)។ អ្នកនាំពាក្យនគរបាលបាននិយាយថា ការចាប់ខ្លួនចំនួន ២០៦នាក់ត្រូវបានធ្វើឡើង ដោយមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។ ក្រុមជនជាតិជ្វីហ្វ ដែលពាក់ព័ន្ធនឹងបាតុកម្មបាននិយាយថា បាតុករប្រហែល ៥០០នាក់បានចូលរួមក្នុងការតវ៉ានោះ។
បាតុករបានជះកំហឹងទៅលើក្រុមហ៊ុនម៉ៅការវិស័យការពារជាតិអាមេរិក និងក្រុមហ៊ុនផលិតសព្វាវុធ។ អ្នកផ្សេងទៀតបានស្រែកពាក្យតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ ជាទីដែលអ៊ីស្រាអែលនិយាយថាខ្លួនកំពុងធ្វើសង្រ្គាមប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់៕
Leave a Reply