ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (១៤ តុលា) បានសម្តែងការគាំទ្រ រួមទាំងក្ដីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទីតាំងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ បានទទួលរងការបាញ់ប្រហារ ស្របពេលមានការប៉ះទង្គិចរវាងយោធាអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានអនុម័តជាឯកច្ឆន្ទ ក្រុមប្រឹក្សាដែលមានសមាជិក ១៥រូបនោះក៏បានជំរុញឱ្យភាគីទាំងអស់ – ដោយមិនបញ្ចេញឈ្មោះ – ឱ្យគោរពសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិកនិងបរិវេណនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា UNIFIL ។
ក្រុមប្រឹក្សាបាននិយាយថា “កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបរិវេណរបស់អង្គការសហប្រជាជាតិ មិនត្រូវជាគោលដៅនៃការវាយប្រហារនោះទេ” ដោយបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះ UNIFIL និងសារៈសំខាន់នៃប្រតិបត្តិការសម្រាប់ស្ថិរភាពក្នុងតំបន់។ ក្រុមប្រឹក្សាសន្តិសុខក៏បានអំពាវនាវឱ្យមានការអនុវត្តពេញលេញនៃសេចក្ដីសម្រេច ១៧០១ របស់ខ្លួន ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០០៦ ក្នុងគោលបំណងរក្សាសន្តិភាពនៅតាមព្រំដែនរវាងលីបង់ និងអ៊ីស្រាអែល។
អង្គការសហប្រជាជាតិបាននិយាយថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល នៅលីបង់ កាលពីថ្ងៃទី០១ ខែតុលា មក ទីតាំង UNIFIL ត្រូវបានរងផលប៉ះពាល់ចំនួន ២០ដង រួមទាំងការបាញ់ប្រហារដោយផ្ទាល់ និងឧប្បត្តិហេតុមួយកាលពីថ្ងៃអាទិត្យ នៅពេលដែលរថក្រោះអ៊ីស្រាអែល ២គ្រឿងបានសម្រុកចូលតាមច្រកទ្វារនៃមូលដ្ឋាន UNIFIL៕
Leave a Reply