ក្រុមមន្ត្រីអាមេរិករំពឹងថាការវាយបករបស់អ៊ីស្រាអែលលើអ៊ីរ៉ង់នឹងធ្វើនៅមុនថ្ងៃបោះឆ្នោតសហរដ្ឋអាមេរិក

ប្រភពមួចចំនួនបានប្រាប់ទូរទស្សន៍ CNN ថា ក្រុមមន្ត្រីអាមេរិករំពឹងថាអ៊ីស្រាអែលនឹងសងសឹកអ៊ីរ៉ង់ចំពោះការវាយប្រហាររបស់ខ្លួននៅដើមខែនេះមុនថ្ងៃទី ៥ ខែវិច្ឆិកា ជាពេលវេលាដែលនឹងជំរុញឱ្យមានភាពប្រែប្រួលនៅតែកំពុងកើនឡើងនៅមជ្ឈិមបូព៌ាក្លាយជាការផ្ដោតការយកចិត្តទុកដាក់ខ្លាំងជាសាធារណៈក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក។

ប្រភពនានាបាននិយាយថា ការកំណត់ពេលវេលា និងដែនកំណត់នៃការសងសឹករបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ គឺជាកម្មវត្ថុនៃការជជែកដេញដោលយ៉ាងខ្លាំងក្លានៅក្នុងរដ្ឋាភិបាលរបស់អ៊ីស្រាអែល ហើយមិនទាក់ទងដោយផ្ទាល់ទៅនឹងពេលវេលានៃការបោះឆ្នោតអាមេរិកនោះទេ។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារសប្ដាហ៍នេះថា អ៊ីស្រាអែលនឹងស្តាប់ការណែនាំសហរដ្ឋអាមេរិក ប៉ុន្តែនឹងសម្រេចចិត្តលើសកម្មភាពរបស់ខ្លួនអាស្រ័យតាមផលប្រយោជន៍ជាតិរបស់ខ្លួនផ្ទាល់។ អ៊ីស្រាអែលបានប្រាប់អាមេរិកថាខ្លួននឹងវាយប្រហារលើទីតាំងយោធាអ៊ីរ៉ង់ មិនមែនជាគោលដៅនុយក្លេអ៊ែរ ឬប្រេងនោះទេ។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលពិពណ៌នាដោយមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកថាជាអ្នកនយោបាយមានភាពស៊ីជម្រៅទៅនឹងនយោបាយអាមេរិក ហាក់ដូចជាមានភាពរសើបខ្លាំងចំពោះផលប៉ះពាល់នយោបាយដែលអាចកើតមាននៃសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងសហរដ្ឋអាមេរិក។

ជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ាបានលេចចេញជាបញ្ហាចម្បងក្នុងការបោះឆ្នោតអាមេរិក។លោកBiden និងលោកស្រី Kamala Harris បានប្រឈមសម្ពាធកាន់តែខ្លាំងសម្រាប់ការដោះស្រាយស្ថានភាពនេះ។ ទន្ទឹមនឹងនេះ គណបក្សសាធារណរដ្ឋ រួមទាំងអតីតប្រធានាធិបតីលោក Donald Trump បានចោទប្រកាន់រដ្ឋបាលនេះថា កំពុងបង្កវិបត្តិនាំឱ្យពិភពលោកមានភាពវឹកវរ៕