ប្រមុខការទូតរបស់អ៊ីរ៉ង់ បានព្រមានប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres ថា ទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនជាស្រេចសម្រាប់ការឆ្លើយតប “ដ៏ម៉ឺងម៉ាត់ និងឈឺចាប់” ប្រសិនបើអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ ក្នុងការសងសឹកចំពោះការបាញ់មីស៊ីល។
គួររម្លឹកថា សាធារណរដ្ឋអ៊ិស្លាមមួយនេះ បានបាញ់មីស៊ីលប្រហែលជិត ២០០គ្រាប់ ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី០១ ខែតុលា ដើម្បីសងសឹកចំពោះការសម្លាប់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុត ២នាក់ គឺមេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh និងមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ក៏ដូចជាឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ផងដែរ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្តេជ្ញាកាលពីសប្តាហ៍មុនថា វិធានការសងសឹករបស់អ៊ីស្រាអែលនឹងមានភាព “បង្ហូរឈាម ច្បាស់លាស់ និងគួរឱ្យភ្ញាក់ផ្អើល”។ ប្រភពជាច្រើនប្រាប់សារព័ត៌មាន CNN ថា មន្ត្រីអាមេរិករំពឹងថា អ៊ីស្រាអែល នឹងវាយសងសឹកលើអ៊ីរ៉ង់ នៅដើមខែនេះមុនថ្ងៃបោះឆ្នោតទី០៥ ខែវិច្ឆិកា។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី (Abbas Araghchi) បាននិយាយក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយប្រមុខអង្គការសហប្រជាជាតិថា “អ៊ីរ៉ង់ត្រៀមរួចជាស្រេចសម្រាប់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងឈឺចាប់ចំពោះជំហានផ្សងព្រេងណាមួយរបស់អ៊ីស្រាអែល”។
ក្នុងអំឡុងការសន្ទនានៅល្ងាចថ្ងៃអង្គារនោះ លោក Araghchi ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិឱ្យប្រើប្រាស់ធនធានរបស់ខ្លួន “ដើម្បីបញ្ឈប់ឧក្រិដ្ឋកម្ម និងការឈ្លានពានរបស់របបអ៊ីស្រាអែល និងបញ្ជូនជំនួយមនុស្សធម៌ទៅកាន់លីបង់ និងហ្កាហ្សា”៕
Leave a Reply