បេក្ខជនអនុប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ លោក ជេឌី វែន (JD Vance) បាននិយាយយ៉ាងច្បាស់ៗកាលពីថ្ងៃពុធ (១៦ តុលា) ថា លោកជឿជាក់លើការអះអាងមិនពិតដែលថាលោក Donald Trump មិនបានចាញ់ការបោះឆ្នោតនៅឆ្នាំ២០២០ នោះទេ។
នៅឯព្រឹត្តិការណ៍យុទ្ធនាការមួយនៅទីក្រុង វីលៀមស្ពត (Williamsport) រដ្ឋផិនស៊ីលវេនៀ (Pennsylvania) អ្នកសារព័ត៌មានបានសាកសួរលោក Vance ម្តងទៀតថា តើលោក Trump បានចាញ់ឆ្នោតទល់នឹងលោកប្រធានាធិបតី Joe Biden កាលពីបួនឆ្នាំមុនដែរឬទេ។
លោក Vance ឆ្លើយថា៖ ចំពោះរឿងបោះឆ្នោតឆ្នាំ២០២០ លោកបានឆ្លើយសំណួរនោះដោយផ្ទាល់រាប់លានដងមកហើយ នោះគឺ “លោកមិនគិតថា លោក Donald Trump បានចាញ់នោះទេ!”។
លោក Trump ដែលជាបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋក្នុងឆ្នាំ២០២៤នេះ បន្តអះអាងមិនពិតថាលោកបានចាញ់ឆ្នោតឆ្នាំ២០២០ ដោយសារតែការក្លែងបន្លំសន្លឹកឆ្នោតយ៉ាងទូលំទូលាយ ដែលជាទស្សនៈមួយទទួលយកដោយអ្នកគាំទ្ររាប់លាននាក់របស់លោក។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតជាច្រើនមិនបានរកឃើញភស្តុតាងនៃការក្លែងបន្លំឡើយ។
ក្នុងអំឡុងពេលឈរឈ្មោះជាប្រធានាធិបតីបច្ចុប្បន្ន លោក Trump បានបង្ហើបថា លោកនឹងតតាំងលទ្ធផល ប្រសិនបើលោកមិនឈ្នះក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា ប្រឆាំងនឹងលោកស្រី Kamala Harris ដែលជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ដើម្បីបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ បាននាំឱ្យមានការចោទប្រកាន់ផ្លូវច្បាប់ដោយមន្រ្តីសហព័ន្ធ និងរដ្ឋជាបន្តបន្ទាប់៕
Leave a Reply