ចិនប្រឆាំងរាល់ប្រទេសណាមួយដែលបង្កហេតុ និងគំរាមកំហែង ដល់អធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការបង្កហេតុ និងការគំរាមកំហែងរបស់ប្រទេសណាមួយលើអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន ក្រោមលេសនៃសេរីភាពនៃការធ្វើនាវាចរណ៍។

អ្នកនាំពាក្យលោកលីន ជៀន (Lin Jian) បានអត្ថាធិប្បាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបសំណួរទាក់ទងនឹងនាវាពិឃាតអាមេរិក ហ៊ីហ្គីនស៍ (Higgins) និងនាវាចម្បាំងកាណាដាវ៉ាន់ខូវើរ(Vancouver) ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យ។

លោក Lin បាននិយាយថា ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានឆ្លើយតបនឹងបញ្ហានេះ ដោយសង្កត់ធ្ងន់ថា កោះតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។

លោកបាននិយាយថា រឿងកោះតៃវ៉ាន់មិនមែនជាបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍ទេ ប៉ុន្តែជាបញ្ហាទាក់ទងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។

គួររម្លឹកថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក និងកាណាដា បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបជាមួយគ្នាកាលពីថ្ងៃអាទិត្យ ២០ តុលា មិនដល់ជាងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិន បានធ្វើហ្គេមសង្គ្រាមជុំថ្មីជុំវិញកោះនេះ ដោយទីក្រុងប៉េកាំង បានរិះគន់បេសកកម្មឆ្លងកាត់នេះថាជាការរំខាននិងបានព្រមានអាមេរិក និងកាណាដា ជុំវិញការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលពោពេញដោយភាពតានតឹងផងដែរ៕