សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (២១ តុលា) បាននិយាយថា របាយកាណ៍ដែលថាកូរ៉េខាងជើង បញ្ជូនកងទ័ពទៅគាំទ្ររុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន នឹងក្លាយជារឿងដ៏គ្រោះថ្នាក់មួយ ប្រសិនបើការអះអាងរបស់ទីក្រុងសេអ៊ូល នេះជាការពិត។
លោក រ៉ូប៊ឺត វូដ (Robert Wood) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “យើងបានមើលឃើញរបាយការណ៍ដែលថាកូរ៉េខាងជើង បានបញ្ជូនកងកម្លាំង និងកំពុងត្រៀមបញ្ជូនទាហានបន្ថែមទៅកាន់អ៊ុយក្រែន ដើម្បីគាំទ្ររុស្ស៊ី។ ហើយបើរឿងនោះជាការពិតមែន នេះបង្ហាញពីដំណើរវិវឌ្ឍន៍ដ៏គ្រោះថ្នាក់ និងគួរឱ្យបារម្ភយ៉ាងខ្លាំង ជុំវិញទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី”។
ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា កូរ៉េខាងជើងបានសម្រេចចិត្តបញ្ជូនកងទ័ព “ទ្រង់ទ្រាយធំ” ដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូ ក្នុងទឹកដីអ៊ុយក្រែន ដោយមានកងកម្លាំងពិសេសចំនួន ១.៥០០នាក់រួចហើយនៅក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី និងកំពុងទទួលការបណ្តុះបណ្តាល។ ទីភ្នាក់ងារនេះប៉ាន់ប្រមាណថា កូរ៉េខាងជើងអាចបញ្ជូនទាហានសរុបប្រហែល ១២.០០០នាក់។
ក្រសួងការបរទេសអាមេរិក និយាយថាខ្លួន “មិនទាន់អាចបញ្ជាក់ពីភាពត្រឹមត្រូវរបស់របាយការណ៍ទាំងនោះបាននៅឡើយទេ”។ បារាំង ក៏បានលើកឡើងថា ការដាក់ពង្រាយទាហានកូរ៉េខាងជើង នឹងបង្កើនជម្លោះបន្ថែមទៀត។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានសម្តែងការព្រួយបារម្ភខ្លាំងរួចទៅហើយពីការផ្តល់អាវុធរបស់កូរ៉េខាងជើង ដល់រុស្ស៊ី ដែលបានបើកប្រតិបត្តិការពិសេសលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕
Leave a Reply