នគរបាលហៃទី ប្រយុទ្ធនឹងក្រុមជនអន្ធពាលដែលព្យាយាមដណ្តើមកាន់កាប់រដ្ឋធានីទាំងមូល
នគរបាលនៅប្រទេសហៃទី កាលពីថ្ងៃចន្ទ (២១ តុលា) បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយខ្មាន់កាំភ្លើងមកពីក្រុមជនអន្ធពាលដែលកំពុងព្យាយាមកាន់កាប់ទីតាំងបន្ថែមក្នុងចំណោមសហគមន៍មួយចំនួននៅក្នុងរដ្ឋធានីព័រអូប្រាំង ដែលមិនទាន់ត្រូវបានគ្រប់គ្រងដោយក្រុមប្រដាប់អាវុធទាំងនោះ។
តំបន់ សូលីណូ (Solino) ត្រូវបានរងការវាយប្រហារចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក ដោយអ្នកស្រុកបានទូរស័ព្ទទៅស្ថានីយ៍វិទ្យុដើម្បីអង្វរករសុំជំនួយ ខណៈពួកគេបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែង។ នគរបាលជាតិរបស់ហៃទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា ក្រុមមន្រ្តីបានដណ្តើមគ្រប់គ្រងតំបន់ជាច្រើនមកវិញ និងបន្តតាមចាប់ក្រុមជនអន្ធពាល។
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សមាជិកក្រុមប្រដាប់អាវុធទាំងនោះបានអបអរដែលពួកគេបានគ្រប់គ្រងលើផ្នែកខ្លះនៃតំបន់ Solino ដោយព្រមានថាអ្នកស្រុកដែលមិនមែនជាផ្នែកនៃក្រុមជនអន្ធពាលថា “នឹងត្រូវដុតកម្ទេចឱ្យក្លាយជាផេះ”។
នាយករដ្ឋមន្ត្រី លោក ហ្ការី កូនីល (Garry Conille) បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពីភាក្សាពីការវាយប្រហារលើតំបន់ Solino និងកន្លែងផ្សេងទៀត ដោយប្រកាសឱ្យកងកម្លាំងនគរបាល និងទាហានរាប់រយនាក់ពីអង្គភាពសម្រាំង ប្រមូលផ្ដុំដើម្បីត្រៀមដាក់ពង្រាយទៅកាន់តំបន់លំនៅឋានដែលរងការវាយប្រហារ។
របាយការណ៍របស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM របស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃចន្ទថា សម្ព័ន្ធក្រុមជនអន្ធពាលបានវាយឆ្មក់លើតំបន់លំនៅឋានជាច្រើនផ្សេងទៀត ដោយបង្ខំឱ្យមនុស្សជាង ៤.២០០នាក់ ត្រូវរត់ភៀសខ្លួនចេញពីទីតាំងទាំងនោះ៕

Leave a Reply