កងកម្លាំងរុស្ស៊ី បន្តវាយសម្រុកលើទីប្រជុំជនចំនួនបួននៅភាគខាងកើតអ៊ុយក្រែន

យោងតាមក្រុមអ្នកសរសេរប្លុកដែលគាំទ្ររុស្ស៊ី បាននិយាយថា កងកម្លាំងទីក្រុងមូស្គូ កំពុងវាយសម្រុកលើទីប្រជុំជនចំនួន៤ នៅភាគខាងកើតអ៊ុយក្រែន ខណៈកងកម្លាំងរុស្ស៊ី ប្រឹងប្រែងវាយរុញឱ្យទទួលបានការគ្រប់គ្រងលើតំបន់ ដុនបាស (Donbas) ទាំងមូល។

ការបង្ហោះរបស់អ្នកសរសេរប្លុកកាលពីថ្ងៃអង្គារ (២២ តុលា) បានឱ្យដឹងថា កងកម្លាំងរុស្ស៊ី កំពុងប្រយុទ្ធជាមួយកងទ័ពទីក្រុងគីវ នៅក្នុងទីប្រជុំជនភាគខាងកើតអ៊ុយក្រែន ដូចជា សេលីដូវ៉េ (Selydove), ហៀនីក (Hirnyk), គូរ៉ាខូវ (Kurakhove) និង ថូរ៉េត (Toretsk) ។

ប្លុកយោធាគាំទ្ររុស្ស៊ី យូរី ផូដូយ៉ាកា (Yuri Podolyaka) ដែលមានដើមកំណើតនៅអ៊ុយក្រែនមួយនេះនិយាយថា កងកម្លាំងរុស្ស៊ី កំពុងវាយលុកទីប្រជុំជន Hirnyk ពីទិសដៅជាច្រើន និងមានការប្រយុទ្ធខ្លាំងក្លានៅកណ្តាលតំបន់ ដែលមានប្រជាជនមុនសង្គ្រាមជាង ១០.០០០នាក់មួយនេះ។ ប្លុកនេះបន្ថែមថា ការប៉ះទង្គិចក៏កំពុងកើតឡើងផងដែរនៅជាយទីប្រជុំជន Kurakhove និង Selydove ដែលតំបន់នីមួយៗមានប្រជាជនប្រហែល ២០.០០០នាក់ មុនសង្គ្រាម។

យោងតាមទិន្នន័យបើកចំហបានឱ្យដឹងថា កងកម្លាំងរុស្ស៊ី ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបើកប្រតិបត្តិការពិសេសលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានវាយរុលយ៉ាងឆាប់រហ័សក្នុងខែកញ្ញា ក្នុងអត្រាលឿនបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក បើទោះជាអ៊ុយក្រែន បានកាន់កាប់ផ្នែកតូចមួយនៃតំបន់ ឃើស (Kursk) របស់រុស្ស៊ីក៏ដោយ។ អគ្គសេនាធិការអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ី បានព្យាយាមវាយលុកជាច្រើនកន្លែងនៅតាមជួរមុខ ប៉ុន្តែអ៊ុយក្រែន បានវាយបកវិញចំពោះការវាយប្រហារទាំងនោះ៕