រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ឯកឧត្តម កែវ សុទ្ធិ អញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល​ក្រោមប្រធានបទ «ដើម្បីធ្វើនិយ័តកម្ម​បញ្ញា​សិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សន​ទានអ្វីខ្លះ?»

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបារាំងកម្ពុជា ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស​ក្នុង​វេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត តើត្រូវមានទស្សនទា​ន​អ្វីខ្លះ​?” ​ដោយមានការអញ្ជើញចូលរួមជាវាគ្មិនដោយ សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យអិចម៉ាសីយ៍ ប្រទេសបារាំង នាយកនៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ឌីជីថល និង​នវានុវត្តន៍ នៃ​បណ្ឌិត្យ​សភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងមានការចូលរួមពីសាស្ត្រាចារ្យ និស្សិត នៃ​វិទ្យាសា្ថនបារាំង និងមន្រ្តីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាច្រើនកុះករផងដែរ។

វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីប្រធានបទបញ្ញាសិប្បនិម្មិតជាច្រើនដូចជា “ច្បាប់​កម្ពុជា​ក្នុងការឆ្លើយតបនឹងបញ្ញាសិប្បនិម្មិត៖ សម្រាប់ថ្ងៃនេះនឹងថ្ងៃស្អែក”, “បទប្បញ្ញាតិ្ត​អឺរ៉ុប​ទៅ​លើ​បញ្ញា​សិប្បនិម្មិត និងការឆ្លើយតបដោយមានសមភាពរវាងសីលធម៌និងប្រសិទ្ធភាព”, “ទស្សនៈ​របស់សហរដ្ឋអាមេរិកនិងចិន ទៅលើក្របខណ្ឌគតិយុត្តិនៃបញ្ញាសិប្បនិម្មិត” និង “ទស្សនទានរបស់អាស៊ាន”។

ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ​ បានធ្វើបទបង្ហាញ ដោយរំលេចអំពី ការយកចិត្តទុកដាក់ និង​ការងារ​ដែល​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍បាន​និង​កំពុង​អនុវត្ត​ពាក់ព័ន្ធ​នឹង​បញ្ញា​សិប្បនិម្មិត ក្នុងក្របខណ្ឌប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ ដែលរួមមាន​ការ​ដាក់​ឱ្យប្រើប្រាស់​ផលិតផលបញ្ញាសិប្បនិម្មិត ការបណ្ដុះបណ្ដាលធនធាន​មនុស្សជាមួយ​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល (Cambodia Academy of Digital Technology-CADT) ការបញ្ជ្រៀបការ​យល់​ដឹង​ទៅ​កាន់សាធារណជន ការចូលរួមតំណាងប្រទេស​កម្ពុជា​លើក​ស្ទួយ​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ដោយ​មានទំនួលខុសត្រូវនៅក្នុងក្របខណ្ឌអាស៊ាន និងយន្តការអន្តរជាតិផ្សេងទៀត។