លោកប្រធានាធិបតី Vladimir Putin ទំនងនិយាយថា ទាហានកូរ៉េខាងជើង ស្ថិតក្នុងប្រទេសរុស្ស៊ីមែន

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir V. Putin) ទំនងជាទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទាហានកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដោយបានធ្វើអត្ថាធិប្បាយជាលើកដំបូងលើការវាយតម្លៃរបស់ក្រុមមន្ត្រីបស្ចិមលោកថាប្រទេសឯកាមួយនៅអាស៊ី បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

លោកបាននិយាយប៉ុន្មានម៉ោងបន្ទាប់ពីសភាជាន់ទាបរបស់រុស្ស៊ីបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយកូរ៉េខាងជើងដែលលោក Putin បានចុះហត្ថលេខាជាមួយលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង នៅពេលលោក Putin បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងកាលពីខែមិថុនា។

សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានឃើញភស្តុតាងដែលថាកូរ៉េខាងជើងបានបញ្ជូនទាហានចំនួន៣.០០០នាក់ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការដាក់ពង្រាយដែលអាចមាននៅក្នុងប្រទេសអ៊ុយក្រែន ជាវិធានការមួយដែលអាចបង្ហាញពីបញ្ហាប្រឈមជាមូលដ្ឋានសម្រាប់អ៊ុយក្រែនដោយសារតែកង្វះកម្លាំងទ័ពរបស់ខ្លួន។ជាមួយគ្នានោះអាមេរិកបានព្រមានថាបើពិតជាមានទាហានកូរ៉េខាងជើងនៅអ៊ុយក្រែនមែន នោះនឹងក្លាយជាគោលដៅវាយប្រហារ។

លោកបានអះអាងជាថ្មីទៀតថា លោកខាងលិចបានដុតបញ្ឆេះឲ្យវិបត្តិអ៊ុយក្រែនរាលដាលខ្លាំង ហើយថា ក្រុមមន្ត្រី និងអ្នកបណ្ដុះបណ្ដាលកងទ័ពរបស់ណាតូបានចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមអ៊ុយក្រែន។

នោះគឺជាការបោះឆ្នោតប្រថាប់ត្រា ប៉ុន្តែលោក Putin បានប្រើដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយកូរ៉េខាងជើង ហើយបានបញ្ជូនសញ្ញាថាលោកកំពុងទាក់ទាញសម្ព័ន្ធមិត្តដែលនឹងជំរុញឲ្យមានការប្រឈមដាក់គ្នាកាន់តែខ្លាំងជាមួយលោកខាងលិច។

លោកថាថ្ងៃនេះ យើងបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញារបស់យើងស្តីពីភាពជាដៃគូយុទ្ធសាស្ត្រដែលមានចែងក្នុងមាត្រា៤។ លោកកំពុងសំដៅទៅឃ្លាមួយដែលចែងថាប្រទេសណាមួយត្រូវដាក់ក្នុងស្ថានភាពនៃសង្រ្គាមដោយការឈ្លានពានដោយប្រដាប់អាវុធ នោះប្រទេសមួយទៀតនឹងផ្តល់យោធានិងជំនួយផ្សេងទៀតតាមគ្រប់មធ្យោបាយរបស់ខ្លួនដោយមិនបង្អែបង្អង់ឡើយ៕