រាជរដ្ឋាភិបាលអាណត្តិទី៧នឹងខិតលើកកម្ពស់អាហារូបត្ថម្ភដល់កុមារ និងត្រួតពិនិត្យចំណីអាហារ​តាម​សាលារៀន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលអាណត្តិ​ទី៧​នេះ ​នឹងខិតខំធ្វើយ៉ាងណាយកចិត្តទុកដាក់លើកកម្ពស់សុខភាពរបស់សិស្ស តាមរយៈកម្ម​វិធី​អាហា​រូ​បត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន រួម​ទាំង​បណ្តុះ​គំនិត​ស្អាតស្អំ ឥរិយាបថ ល្អ និងគ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយដល់សិស្ស និងកុមារ​ជាដើម​។

តាមរយៈសារលិខិត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នាព្រឹកថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុង​គោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភា​ព​ល្អ​មាំមួន រាជរដ្ឋាភិបាលកម្ពុជា អាណាត្តិទី៧នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដោយក្នុងនោះក៏មានវិធាន ការគន្លឹះក្នុង​វិស័យអប់រំ​ដែល​មាន​គោលដៅ​លើក​កម្ពស់​គុណភាព​អប់រំ​។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា ឆ្នាំទី១នៃនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាល​ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងដាក់ចេញ​នូវ​កម្ម​វិធី​ផ្សេងៗសំ​ដៅ លើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើ​ការ​ពង្រឹង​ពង្រីក​គុណភាព​សាលា​រដ្ឋ​ចាប់​ពី​ថ្នាក់​មត្តេយ្យសិក្សា ដល់មធ្យមសិក្សា​តាមរយៈ​វិធានការ​មួយ​ចំនួន​ដូចជា​ការ​ពង្រឹង​អភិបាល​កិច្ច, ការពិនិត្យកែសម្រួល និងរៀប ចំកម្មវិធីសិក្សា និងសកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឲ្យ​ស្រប​ទៅ​តាម​​តម្រូវ​ការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយក​ចិត្ត​ទុក​ដាក់​លើ​សុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូប បត្ថម្ភដល់កុមារ និងការត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារនៅតាមសាលារៀន, និងការជំរុញលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក«ភាពជា ដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»ជាដើម។

តាមរយៈសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុ ជា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈ​ការ​បន្តរិះរក​វិធា​ន​ការ និងយុទ្ធសាស្រ្តបន្ថែមទៀត ដោយធ្វើយ៉ាង​ណា​ឲ្យ​សាលា​រៀន​ក្លាយ​ជា​អង្គភាព​ផ្តល់​សេវា​សាធារណៈ ដែលមាន ប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យ​ភាព​ជាមួយ​និង​ប្រជាជន​ និង​សហគមន៍។ ដូច្នេះ ហើយសាលារៀន​ត្រូវ​អនុវត្ត​តួនាទី​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវខ្ពស់ ជាពិសេសលើសកម្មភាពបង្រៀន និងរៀនដែលនឹងនាំទៅរកការប្រែប្រួលជា​វិជ្ជមាន​នៃ​លទ្ធផល​សិក្សារបស់សិស្ស ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិជា ដើម។

ដើម្បីឲ្យដំណើរការសិក្សាឆ្នំា២០២៤-២០២៥ទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ក្រសួងអប់រំ គ្រឹះស្ថានសិក្សាគ្រប់កម្រិត មាតា​បិតា និងអ្នក អាណាព្យាបាលសិស្សទាំងអស់ត្រូវតែរួមគ្នា គាំទ្រ​ឲ្យ​កាន់​តែ​សកម្ម​បន្ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឲុ្យបានទូលំ​ទូលាយអំពី​កិច្ច​ការពារ​កុមារ​ពី​អំពើ​ហិង្សា និងពលកម្មកុមារគ្រប់ ទម្រង់ ខណៈក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ ជាសាមីខ្លួនឯងសូមបន្តខិតខំរៀនសូត្រ និង ស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិ យើងទាំងមូល។ សម្តេចក៏បានអំពាវនាវដល់ក្មួយៗទាំងអស់គប្បីចងចាំជានិច្ចថា «បើយើងស្រលាញ់ខ្លួន ស្រលាញ់ ឱពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនូវឲ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខ ផ្សេងៗជាដើម»៕ អត្ថបទ៖ បាន ចក់


Comments

Leave a Reply

Your email address will not be published. Required fields are marked *