អាជ្ញាធរកូរ៉េខាងត្បូង នៅក្នុងភូមិមួយជិតព្រំដែនជាមួយកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ (៣១ តុលា) បានរារាំងផែនការប៉ុនប៉ងបញ្ជូនបាឡុងដឹកខិត្តប័ណ្ណរិះគន់កូរ៉េខាងជើង ពីសំណាក់ក្រុមគ្រួសារនៃអ្នកដែលជឿថាត្រូវបានចាប់ដោយប្រទេសផ្ដាច់ខ្លួនមួយនេះ។
កិច្ចប្រឹងប្រែងដែលបរាជ័យក្នុងការបញ្ជូនបាឡុងឆ្លងកាត់ព្រំដែននេះ កើតឡើងក្នុងពេលវេលាដ៏រសើប នៅពេលដែលភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរមានកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ កូរ៉េខាងជើង បានបញ្ជូនបាឡុងរាប់ពាន់គ្រាប់ដែលដឹកសំរាម និងការឃោសនាចូលទៅកូរ៉េខាងត្បូងក្នុងឆ្នាំនេះ។
ទីក្រុងព្យុងយ៉ាង បាននិយាយថានោះជាការសងសឹកចំពោះបាឡុងសកម្មជនកូរ៉េខាងត្បូង ដែលដឹកខិត្តប័ណ្ណរិះគន់មេដឹកនាំកូរ៉េខាងជើង ព្រះគម្ពីរ និងអង្គចងចាំ USB ដែលផ្ទុកដោយវីដេអូតន្ត្រីប៉ុប (K-pop) និងរឿងភាគកូរ៉េជាដើម។
លោក ឆយ សុងយ៉ុង (Choi Sung-ryong) ប្រធានក្រុមតំណាងគ្រួសារទាំងនោះបាននិយាយថា៖ “សម្ភារៈរបស់យើងត្រូវបានបញ្ឈប់ និងរឹបអូស។ មន្ត្រីនគរបាលមួយក្រុមបានចុះរារាំងការបង្ហោះបាឡុង ប៉ុន្តែយើងនឹងសុំការអនុញ្ញាតសម្រាប់ការបង្ហោះមួយផ្សេងទៀត”៕
Leave a Reply