សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េរហូតឈានសម្រេចបាននូវការបិទបញ្ចប់ដំណើរការដោយជោគជ័យគួរជាទីមោទនៈ ខណៈយុទ្ធនាការដែលបានចាប់ផ្តើមពីខែមករា រហូតដល់ថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានចំនួនជាងមួយម៉ឺននាក់នោះ។
តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន៦.២៥២ ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤.៩៧១ នាក់។
សម្តេចបានបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ, មន្ត្រី និងបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងនិស្សិត និងសហគមន៍ខ្មែរស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រហូតឈានសម្រេចបាននូវការបិទបញ្ចប់ដំណើរការនៃការផ្តល់សេវាដោយជោគជ័យគួរជាទីមោទនៈ ហើយដែលពិតជាបានជួយសម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងពលករយើងនៅក្នុងប្រទេសកូរ៉េបានយ៉ាងច្រើន»។
ជាមួយគ្នានេះផងដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏សូមសម្តែងនូវក្តីរីករាយសាទរចំពោះទំនុកចិត្ត និងភាពកក់ក្តៅរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែររស់នៅក្នុងប្រទេសកូរ៉េ ដែលបានមកទទួលសេវាផ្តល់លិខិតឆ្លងដែននេះ និងសូមជូនពរ សុខភាពល្អ សុភមង្គល និងសិរីសួស្តីគ្រប់ប្រការ ព្រមជាមួយនឹងពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕ អត្ថបទ៖ បាន ចក់
Leave a Reply