ប្រតិបត្តិការបោសសម្អាត និងជួយសង្រ្គោះកំពុងបន្តក្រោយទឹកជំនន់សម្លាប់មនុស្ស ២១១នាក់នៅតំបន់ Valencia

ប្រតិបត្តិការបោសសម្អាត និងជួយសង្រ្គោះ កំពុងបន្តពេញមួយថ្ងៃកាលពីថ្ងៃសៅរ៍ រយៈពេល ៤ថ្ងៃក្រោយភ្លៀងធ្លាក់ខ្លាំងវាយប្រហារតំបន់ភាគខាងកើត Valencia របស់ប្រទេសអេស្ប៉ាញ ។

នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez និយាយថា ទឹកជំនន់ដ៏គំហក់ស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តនាសម័យទំនើបរបស់អេស្ប៉ាញ បានសម្លាប់មនុស្សយ៉ាងហោច ២១១នាក់ ហើយមនុស្សរាប់សិបនាក់ផ្សេងទៀត នៅបាត់ខ្លួន ។

ក្រុមរុករក បានស្វែងរកមនុស្សបាត់ខ្លួននៅតាមបង្អួចរថយន្តក្នុងចំណតរថយន្តក្រោមដីរងការជន់លិច ហើយនិងបោសសម្អាតកម្ទេចកម្ពីបន្សល់ទុកពីទឹកជំនន់ ដោយពួកគេសង្ឃឹមថានឹងរកឃើញអ្នករស់រាន ។

សោកនាដកម្មនេះ គឺជាគ្រោះមហន្តរាយធម្មជាតិពាក់ព័ន្ធនឹងទឹកជំនន់ដ៏អាក្រក់បំផុតនៅអឺរ៉ុប ចាប់តាំងពីឆ្នាំ ១៩៦៧ ពេលដែលមនុស្សយ៉ាងហោច ៥០០នាក់ បានស្លាប់នៅក្នុងប្រទេសព័រទុយហ្គាល់ ។

នាយករដ្ឋមន្រ្តីអេស្ប៉ាញ បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ធនធានចាំបាច់ ដើម្បីជួយដល់ប្រតិបត្តិការរុករក និងបោសសម្អាត រួមទាំងការបញ្ជូនទាហាន ៥ពាន់នាក់ បន្ថែមពីលើទាហាន ២.៥០០នាក់ ដែលត្រូវបានដាក់ពង្រាយរួចរាល់ទៅកាន់តំបន់រងគ្រោះ ៕