ស៊ែរប៊ីបើកការស៊ើបអង្កេតចំពោះគ្រោះមហន្តរាយបាក់ដំបូលអគារស្ថានីយ៍រថភ្លើងសម្លាប់មនុស្ស ១៤នាក់

ប្រទេសស៊ែរប៊ី បានចុះប្រតិបត្តិការជួយសង្រ្គោះ និងបើកការស៊ើបអង្កេតចំពោះឧបទ្ទេវហតុបាក់ដំបូលអគារស្ថានីយ៍រថភ្លើងដែលបានសម្លាប់មនុស្សយ៉ាងហោច ១៤នាក់ និងមនុស្ស ៣នាក់ផ្សេងទៀត រងរបួស នៅទីក្រុងភាគខាងជើង Novi Sad ។

គ្រោះមហន្តរាយនេះ បានកើតឡើងកាលពីថ្ងៃសុក្រ ពេលដែលដំបូលអគារនៅតាមច្រកចូលស្ថានីយ៍រថភ្លើងបានបាក់នៅពេលថ្ងៃ ។

ក្រុមជួយសង្រ្គោះ បានធ្វើការរហូតដល់ពេលយប់ ដោយប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ ដើម្បីរំដោះអ្នកស្លាប់ និងអ្នករបួសចេញពីក្រោមគំនរបាក់បែក ។

កាលពីព្រឹកថ្ងៃសៅរ៍ ប្រជាពលរដ្ឋនាំគ្នាយកផ្កា និងអុជទៀននៅកន្លែងកើតហេតុ ហើយកម្មករ បោសសម្អាតគំនរបាក់បែកចុងក្រោយ ។

ស្ថានីយ៍រថភ្លើងមួយនេះដែលស្ថិតនៅចម្ងាយប្រហែល ៧០គ.ម ភាគពាយ័ព្យទីក្រុង Belgrade កំពុងស្ថិតក្រោមការជួសជុលឡើងវិញ ។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនស៊ែរប៊ីលោក Goran Vesic និយាយថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងដោយក្រុមអាជ្ញាធរនៅក្នុងទីក្រុង Novi Sad រួមទាំងវិទ្យាស្ថានចរាចរណ៍រដ្ឋ ក្រុមហ៊ុនផ្លូវរថភ្លើងរដ្ឋ និងសម្ព័ន្ធចិនដែលទទួលយកការងារជួសជុលឡើងវិញនេះ ។

ក្រុមអាជ្ញាធរបានប្រកាសការកាន់ទុក្ខថ្នាក់ជាតិរយៈពេល ១ថ្ងៃកាលពីថ្ងៃសៅរ៍ ៕