ពលរដ្ឋអាមេរិកជាង៧៥លាននាក់បានបោះឆ្នោតមុនកំណត់ ខណៈលោកស្រី Harris និងលោកTrump សម្រុកយុទ្ធនាការចុងក្រោយក្នុងរដ្ឋប្រទាញប្រទង់គ្នាសំខាន់ៗ

យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ ពលរដ្ឋអាមេរិក ជាង៧៥លាននាក់បានបោះឆ្នោតមុនកំណត់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។

តួលេខពីកម្មវិធីតាមដាន Election Lab របស់សាកលវិទ្យាល័យ Florida បង្ហាញថាមនុស្សចំនួន៧៥.០៩៣.៨៧២នាក់ បានបោះឆ្នោតតាមសំបុត្រ ឬដោយផ្ទាល់នៅការិយាល័យបោះឆ្នោត។

អ្នកបោះឆ្នោតកាន់តែច្រើនជ្រើសរើសបោះឆ្នោតដោយផ្ទាល់ជាជាងតាមសំបុត្រសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤នេះ។

ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនៅសហរដ្ឋអាមេរិកមានប្រហែល ១៦៨ លាននាក់ មិនដូចនៅឆ្នាំ ២០២០ ទេ នៅពេលសហរដ្ឋអាមេរិកកំពុងស្ថិតនៅចំចំណុចកណ្តាលនៃការរាតត្បាតវីរុសកូរ៉ូណា។

បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris និងគូប្រជែងមកពីគណបក្សសាធារណរដ្ឋ អតីតប្រធានាធិបតីលោក Donald Trump បានសម្រុករៀបចំការជួបជុំក្រុមអ្នកគាំទ្ររបស់ខ្លួននៅតាមរដ្ឋមានការប្រទាញប្រទង់គ្នាខ្លាំងភាគខាងត្បូងក្នុងរយៈពេលមិនដល់ជាងពីរថ្ងៃ មុនថ្ងៃបោះឆ្នោត។

លោកស្រី Harris បានប្រមូលផ្តុំអ្នកគាំទ្រនៅទីក្រុង Atlanta រដ្ឋចចា(Georgia) ហើយបានចូលរួមព្រឹត្តិការណ៍មួយនៅទីក្រុង Charlotte រដ្ឋ North Carolina ខណៈលោក Trump ធ្វើយុទ្ធនាការនៅទីក្រុង Gastonia រដ្ឋ North Carolina បន្ទាប់មកធ្វើដំណើរទៅកាន់ទីក្រុងឆ្នេរ Salem រដ្ឋ Virginia មុនពេលត្រឡប់ទៅទីក្រុង Greensboro រដ្ឋ North Carolina ។

អំឡុងពេលនៃការប្រមូលផ្តុំរបស់លោកស្រីនៅក្នុងរដ្ឋ Georgia លោកស្រី Harris បាននិយាយថាលោក Trump ផ្តោតលើបញ្ជីសត្រូវ របស់លោកតែប៉ុណ្ណោះ ហើយបានបន្ថែមថាលោកស្រីនឹងផ្តោតលើបញ្ជីការងារដែលត្រូវធ្វើសម្រាប់អាមេរិក៕