បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump បានបន្តវោហាសាស្រ្តដ៏ហិង្សារបស់ខ្លួនប្រឆាំងអ្នកកាសែតក្នុងការប្រមូលផ្តុំយុទ្ធនាការថ្ងៃចុងក្រោយក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យ (០៣ វិច្ឆិកា) ដោយលើកឡើងថា លោកនឹងមិនប្រកាន់ទេ ប្រសិនបើនរណាម្នាក់បាញ់លើអ្នកកាសែតនៅឯព្រឹត្តិការណ៍យុទ្ធនាការនោះ ហើយថាខ្លួន “មិនគួរចាកចេញ” ពីសេតវិមាន បន្ទាប់ពីការចាញ់ឆ្នាំ២០២០ ទល់នឹងប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក Joe Biden ឡើយ។
នៅក្នុងសុន្ទរកថា ៩០នាទី ប៉ុន្មានថ្ងៃមុនការបោះឆ្នោតនៅថ្ងៃអង្គារស្អែកនេះ លោក Trump បានវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដោយនិយាយថា “ទូរទស្សន៍ ABC ជាព័ត៌មានក្លែងក្លាយ ហើយ CBS និង NBC សុទ្ធតែជាពួកពុករលួយធ្ងន់ធ្ងរ»។
ថ្លែងនៅពីក្រោយកញ្ចក់ការពារគ្រាប់ព័ទ្ធជុំវិញដោយអ្នកសារព័ត៌មាន អតីតប្រធានាធិបតីអាមេរិករូបនេះនិយាយថា “អ្នកដែលចង់តាមប្រមាញ់លោកគឺត្រូវបាញ់តាមរយៈអ្នកកាសែតដែលបង្ហោះព័ត៌មានក្លែងក្លាយទាំងនោះសិន ហើយថាលោកមិនប្រកាន់អ្វីទេបើមានអ្នកធ្វើបែបនោះមែន”។
គួររម្លឹកថា លោក Trump បានរួចផុតពីការប៉ុនប៉ងធ្វើឃាតចំនួនពីរលើកក្នុងឆ្នាំនេះ ដោយរងរបួសត្រូវចំត្រចៀកអំឡុងពេលការជួបជុំយុទ្ធនាការខែកក្កដានៅទីក្រុង Butler រដ្ឋ Pennsylvania ហើយតាំងតែពីពេលនោះមក លោកតែងថ្លែងនៅពីក្រោយកញ្ចក់ការពារគ្រាប់នៅក្នុងព្រឹត្តិការណ៍នានា។
បន្ទាប់ពីការអត្ថាធិប្បាយនោះ អ្នកនាំពាក្យយុទ្ធនាការលោក Trump បានចេញសេចក្តីថ្លែងការណ៍មួយបកស្រាយថា លោក Trump គ្រានតែចង់រក្សាសុវត្ថិភាពរបស់ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ហើយការដាក់កញ្ចក់ការពារគ្រាប់មិនពាក់ព័ន្ធនឹងគ្រោះថ្នាក់ពីអ្នកកាសែត ឬអ្វីផ្សេងឡើយ។ នេះគឺដើម្បីការពារពីការគំរាមកំហែងដែលត្រូវបានជំរុញដោយវោហាសាស្ត្រដ៏គ្រោះថ្នាក់ពីបក្សប្រជាធិបតេយ្យតែប៉ុណ្ណោះ៕
Leave a Reply