ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃព្រហស្បតិ៍ (០៧ វិច្ឆិកា) បានអបអរសាទរចំពោះលោក ដូណាល់ ត្រាំ (Donald Trump) ដែលបានឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិក ហើយបានសរសើរលោកចំពោះការបង្ហាញពីភាពក្លាហាន នៅពេលដែលខ្មាន់កាំភ្លើងព្យាយាមធ្វើឃាត ហើយក៏និយាយថា ទីក្រុងមូស្គូ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋរូបនេះ។
នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់ខ្លួនចាប់តាំងពីការឈ្នះរបស់លោក ត្រាំ មេដឹកនាំរុស្ស៊ីរូបនេះលើកឡើងថា លោក ត្រាំ បានប្រតិកម្មយ៉ាងក្លាហានដូចបុរសពិត ក្នុងអំឡុងពេលប៉ុនប៉ងធ្វើឃាតក្នុងការជួបជុំយុទ្ធនាការនៅរដ្ឋ Pennsylvania កាលពីខែកក្កដា។
លោក ពូទីន បាននិយាយនៅឯក្លឹបពិភាក្សា វ៉ាល់ដៃ (Valdai) នៅទីក្រុង សូឈី (Sochi) របស់រុស្ស៊ីថា “តាមគំនិតរបស់ខ្ញុំ លោកធ្វើបានត្រឹមត្រូវណាស់ ក្លាហានដូចបុរសពិតៗ ហើយខ្ញុំក៏សូមឆ្លៀតឱកាសនេះ ដើម្បីអបអរសាទរចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក»។
លោក ពូទីន បានសង្កត់ធ្ងន់ថា ការលើកឡើងរបស់លោក ត្រាំ ក្នុងពេលយុទ្ធនាការបោះឆ្នោតអំពីអ៊ុយក្រែន និងការស្តារទំនាក់ទំនងជាមួយរុស្ស៊ី ស័ក្ដិសមនឹងទទួលបានការយកចិត្តទុកដាក់។
គួររម្លឹកថា លោក ត្រាំ ធ្លាប់និយាយក្នុងអំឡុងពេលធ្វើយុទ្ធនាការថា លោកអាចនាំមកនូវសន្តិភាពនៅអ៊ុយក្រែន ក្នុងពេល ២៤ម៉ោង ប្រសិនបើជាប់ឆ្នោត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតច្រើនឡើយអំពីថា តើលោកនឹងស្វះស្វែងបញ្ចប់សង្រ្គាមទឹកដីដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកនេះដោយរបៀបណា៕
Leave a Reply