លោក Biden ជំរុញពលរដ្ឋអាមេរិកឱ្យរក្សាភាពស្ងប់ស្ងាត់ក្រោយលោកTrump ឈ្នះការបោះឆ្នោតនិងប្ដេជ្ញាផ្ទេរអំណាចដោយសន្តិវិធី

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានជំរុញប្រជាពលរដ្ឋអាមេរិកឱ្យរក្សាភាពស្ងប់ស្ងាត់ កាលពីថ្ងៃព្រហស្បតិ៍ទី៧វិច្ឆិកា បន្ទាប់ពីជ័យជម្នះនៃការបោះឆ្នោតរបស់លោក Donald Trump និងបានព្យាយាមលួងលោមសមាជិកគណបក្សប្រជាធិបតេយ្យដែលព្រួយបារម្ភចំពោះការវិលត្រលប់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អតីតប្រធានាធិបតីរូបនេះ។ លោកBidenក៏បាននិយាយផងដែរថាលោកបានទូរស័ព្ទទៅលោក Trump អបអរជ័យជម្នះរបស់លោក។

លោក Biden បាននិយាយនៅឯសួន Rose Gardenក្នុងសេតវិមាន ខណៈលោកថ្លែងទៅកាន់បុគ្គលិកដែលខកចិត្តចំពោះការបរាជ័យរបស់អនុប្រធានាធិបតីលោកស្រី Kamala Harris ថា ការដើរថយក្រោយ គឺជារឿងជៀសមិនរួចឡើយ។

អំឡុងថ្លែងទៅកាន់ប្រជាជាតិ លោក Biden បាននិយាយថា ការបោះឆ្នោតកាលពីថ្ងៃអង្គារទី៥វិច្ឆិកាសប្ដាហ៍នេះ បានបង្ហាញពីសុចរិតភាពនៃប្រព័ន្ធបោះឆ្នោតរបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា លោកនឹងធ្វើជាអធិបតីក្នុងការផ្ទេរអំណាចតាមលំដាប់លំដោយសម្រាប់លោក Trump ជាបុគ្គលដែលលោកបានស្តីបន្ទោសយ៉ាងខ្លាំងចំពោះការព្យាយាមកែប្រែលទ្ធផលបោះឆ្នោតដែលលោក Trump បានចាញ់លោក Biden ក្នុងឆ្នាំ ២០២០ ខណៈនៅឆ្នាំ២០២៤នេះ លោក Trump ក៏បានលើកឡើងពីការអះអាងគ្មានមូលដ្ឋាននៃការក្លែងបន្លំការបោះឆ្នោតផងដែរ។ លោក Biden បាននិយាយថាខ្ញុំនឹងបំពេញពាក្យសម្បថរបស់ខ្ញុំ ហើយខ្ញុំនឹងគោរពរដ្ឋធម្មនុញ្ញ។ នោះហើយជាអ្វីដែលប្រជាជនអាមេរិកសមនឹងទទួលបាន ។

សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនបានស្តីបន្ទោសលោក Biden វ័យ៨១ ឆ្នាំចំពោះការបរាជ័យរបស់លោកស្រី Harris ដោយនិយាយថាលោកមិនគួរស្វែងរកការបោះឆ្នោតឡើងវិញទេ។ លោក Biden ទើបតែបានទម្លាក់ចោលការប្រជែងតំណែងអាណត្តិទី២ ក្នុងការបោះឆ្នោតឡើងវិញរបស់លោកក្នុងខែកក្កដាក្រោយការជជែកដេញដោលតាមទូរទស្សន៍មិនបានល្អទល់នឹងលោកTrump ដែលបង្កឲ្យមានក្ដីបារម្ភពីសុខភាពស្មារតី និងកាយសម្បទាររបស់លោក៕