Author: Dol Pheakdey
-

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់សាជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតីនៅយប់យប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។ សម្តេចធិបតីបានសរសេរលើបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា នេះថា ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ សម្តេចធិបតីបានបញ្ជាកថា ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា៖ ១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។ ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ។ ខ្ញុំសង្ឃឹមថាភាគីទាំងពីរ និងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី…
-

អាមេរិកចោទចិនត្រៀមប្រើកម្លាំងយោធានៅអាស៊ី
សិង្ហបុរី ៖ ប្រទេសចិនកំពុងត្រៀមខ្លួនប្រើប្រាស់កម្លាំងយោធា ដើម្បីបង្កើនតុល្យភាពនៃអំណាចនៅក្នុងតំបន់អាស៊ី និងឥណ្ឌូប៉ាស៊ីហ្វិក នេះបើតាមការព្រមានរបស់ប្រមុខការពារជាតិអាមេរិកកាលពីថ្ងៃសៅរ៍។ ភ្លាមៗ ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរីបានរិះគន់ការព្រមានបែបនេះរបស់អាមេរិក ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងព្យាយាមបង្កើនភាពតានតឹងនៅក្នុងតំបន់ ដើម្បីទាញយកផលចំណេញពីការបង្កើតហានិភ័យនៃសង្គ្រាម។ ទោះបីជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយនៅឯកិច្ចសន្ទនា Shangri-La ដែលមានការចូលរួមដោយមន្ត្រីការពារជាតិមកពីជុំវិញពិភពលោកថា ការគំរាមកំហែងដែលចិនបង្កឡើង គឺជារឿងពិតប្រាកដ ហើយវាអាចនឹងកើតឡើងឆាប់ៗនេះ។ លោក Hegseth បានចោទប្រកាន់ចិនចំៗថា កំពកំពុងតែកសាងសមត្ថភាពយោធា ដើម្បីត្រៀមឈ្លានពានកោះតៃវ៉ាន់ ប៉ុន្តែអាមេរិកក៏កំពុងតម្រង់ទិសឆ្ពោះទៅរកការទប់ស្កាត់ការឈ្លានពានរបស់ចិនផងដែរ ដោយអំពាវនាវឱ្យសម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិកនៅអាស៊ី ពង្រឹងវិស័យការពារជាតិ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង។ ការព្រមានរបស់លោក Hegseth កើតឡើងស្របពេលដែលរដ្ឋបាលលោក Donald Trump ចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាមួយចិន តាំងពីចូលកាន់តំណែងក្នុងខែមករា ដោយបានព្យាយាមទប់ស្កាត់ការនាំចេញបច្ចេកវិទ្យា AI សំខាន់ៗទៅចិន និងពង្រឹងទំនាក់ទំនងសន្តិសុខយ៉ាងស៊ីជម្រៅជាមួយសម្ព័ន្ធមិត្ត ដូចជាហ្វីលីពីន ដែលកំពុងតែមានជម្លោះដែនទឹកកាន់តែខ្លាំងជាមួយចិន៕ ប្រភព ៖ AFP
-

ក្រឡាប់រថភ្លើងរុស្ស៊ី ស្លាប់មនុស្ស ៧នាក់
មូស្គូ ៖ យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីស្ពានមួយបានបាក់ធ្លាក់លើផ្លូវរថភ្លើងក្នុងតំបន់រុស្ស៊ីជាប់ព្រំដែនអ៊ុយក្រែន កាលពីល្ងាចថ្ងៃសៅរ៍ បណ្តាលឲ្យរថភ្លើងមួយគ្រឿងក្រឡាប់។ ប្រតិបត្តិករផ្លូវដែកជាតិរុស្ស៊ី បានបង្ហោះសារលើ បណ្ដាញសង្គម Telegram ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ១០និង៤៤នាទីយប់ថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) នៅទីតាំងរវាងស្ថានីយ៍ Pilshino និង Vygonichi ក្នុងតំបន់ Bryansk ជាប់ព្រំដែនអ៊ុយក្រែន និងបេឡារុស។ លោក Alexander Bogomaz អភិបាលតំបន់ Bryansk បានបង្ហោះសារលើបណ្តាញសង្គម Telegram ថា ហេតុការណ៍បាក់ស្ពានធ្លាក់លើផ្លូវរថភ្លើង បណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់ និង ៦៦ នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានកុមារបីនាក់ផងដែរ។ មកទល់ពេលនេះ អាជ្ញាធរនៅមិនទាន់បញ្ចេញមូលហេតុបង្កឲ្យមានឧបទ្ទវហេតុបាក់ស្ពានធ្លាក់លើផ្លូវរថភ្លើងនេះទេ ប៉ុន្តែរុស្ស៊ីសន្និដ្ឋានថា ទំនងជាថ្វីដៃអ៊ុយក្រែន ខណៈព្រះរាជអាជ្ញាកំពុងបើកការស៊ើបអង្កេត។ រុស្ស៊ីបានរងការវាយប្រហារដោយបំផ្លិចបំផ្លាញរាប់សិបដង ចាប់តាំងពីទីក្រុងមូស្គូបានបើកការវាយលុកប្រឆាំងនឹងអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដែលភាគច្រើនផ្តោតលើបណ្តាញផ្លូវដែកដ៏ធំរបស់រុស្ស៊ី។ អ៊ុយក្រែនបានចោទប្រកាន់ថា រុស្ស៊ីបានប្រើប្រាស់ផ្លូវដែក ដើម្បីដឹកជញ្ជូនទាហាន និងសព្វាវុធដល់កងកម្លាំងរបស់ខ្លួន ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន៕ ប្រភព ៖ AFP
-

បាតុករលីប៊ីទាមទារឲ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង
ទ្រីប៉ូលី ៖ ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងទ្រីប៉ូលី ក្នុងរយៈពេល ៣សប្តាហ៍ជាប់ៗគ្នា ដើម្បីទាមទារនាយករដ្ឋមន្រ្តីដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ លោក Abdulhamid Dbeibah លាលែងពីតំណែង ស្របពេលផ្ទុះភាពតានតឹងទាំងនៅលើបណ្តាញសង្គម ផ្នែកនយោបាយ និងសន្តិសុខក្នុងប្រទេស។ ភាពចលាចលនាពេលថ្មីៗនេះ បានកើតឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងក្រុមប្រដាប់អាវុធដែលគ្រប់គ្រងតំបន់ផ្សេងៗគ្នានៃទីក្រុងទ្រីប៉ូលី បានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ។ ក្រុមបាតុករបានស្រែកថា លោក Dbeibah ចុះចេញពីតំណែងទៅ… ប្រជាជនចង់ឲ្យរដ្ឋាភិបាលនេះដួលរលំ និង ប្រទេសលីប៊ីមានស្ថិរភាពយូរអង្វែង។ ប្រទេសលីប៊ីត្រូវបានបែងចែករវាងរដ្ឋាភិបាលដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ នៅទីក្រុងទ្រីប៉ូលី ដែលដឹកនាំដោយលោក Dbeibah និងរដ្ឋបាលគូប្រជែងនៅភាគខាងកើតដែលគ្រប់គ្រងដោយគ្រួសាររបស់អតីតមេដឹកនាំយោធា លោក Khalifa Haftar។ ការបោះឆ្នោតថ្នាក់ជាតិប្រទេសលីប៊ី ដែលគ្រោងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២១ ត្រូវបានពន្យារពេលដោយគ្មានពេលកំណត់ ដោយសារជម្លោះរវាងមហាអំណាចគូប្រជែងទាំងពីរ។ ប្រទេសអាហ្រ្វិកខាងជើងនេះ បានបែកបាក់គ្នាកាន់តែជ្រៅឡើង ចាប់តាំងពីការបះបោរគាំទ្រដោយអង្គការណាតូឆ្នាំ ២០១១ ដែលបានផ្តួលរំលំនិងសម្លាប់មេដឹកនាំកាន់តំណែងយូរបំផុត លោក Muammar Qaddafi៕ ប្រភព ៖ AFP
-

លោក Musk ថា នៅតែចង់ជាធ្វើមិត្ត និងជាទីប្រឹក្សារបស់លោក Trump
វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk និយាយថា រូបលោកនឹងនៅតែចង់ធ្វើជា “មិត្ត និងជាទីប្រឹក្សា” របស់លោកប្រធានាធិបតី Donald Trump ខណៈការអះអាងនេះធ្វើឡើងក្នុងពិធីលាគ្នានៅការិយាល័យពងក្រពើក្នុងសេតវិមាន។ លោក Musk បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីលោកប្រធាធិបតី Trump បានប្រគល់កូនសោមាសជាអំណោយ នៅពេលលោកលាលែងពីតំណែងប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ថា ខ្ញុំនៅតែចង់បន្តធ្វើជាមិត្ត ហើយជាទីប្រឹក្សារបស់លោកប្រធានាធិបតី។ លោក Musk បាននិយាយទៀតថា គាត់នឹងបន្តគាំទ្រក្រុមការងារកាត់បន្ថយការចំណាយខ្ជះខ្ជាយរាប់ពាន់លានដុល្លារដោយឥតឈប់ឈរ នៅក្នុងការកាត់បន្ថយ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជាប់ពន្ធអាមេរិក។ លោក Musk ដែលជាមហាសេដ្ឋីមានជាងគេបំផុតរបស់ពិភពលោក បានបញ្ជាក់ទៀតថា គាត់កំពុងដើរថយក្រោយពីតួនាទីរបស់គាត់នៅសេតវិមាន ដើម្បីផ្តោតសំខាន់លើក្រុមហ៊ុនរបស់គាត់ ដែលរួមមាន Tesla, SpaceX និងប្រព័ន្ធផ្សព្វផ្សាយសង្គម X វិញម្តង។ នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ក្រោមការដឹកនាំរបស់លោក Musk បានកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលរាប់ពាន់លានដុល្លារ ដែលភាគច្រើនត្រូវបានអនុម័តដោយសភារួចហើយ រួមទាំងការបណ្តេញទីភ្នាក់ងារអាមេរិកសំខាន់ៗ ដែលផ្តល់ជំនួយដល់បរទេស៕ ប្រភព ៖ AFP
-

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញបើកយុទ្ធនាការ«១ម៉ឺនរៀល១ម៉ឺននាក់»របស់មូលនិធិគន្ធបុប្ផាកម្ពុជា
(ភ្នំពេញ)៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផា បានបើកយុទ្ធការជាផ្លូវនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ជាកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា សប្បុរសជន ជាច្រើនរូប។ ឯកឧត្តម អគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា យុទ្ធនាការ«១ម៉ឺនរៀល១ម៉ឺននាក់»របស់មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាការបំផុសស្មារតីខ្មែរជួយខ្មែរ តាមរយៈការគៀរគរបរិច្ចាកថវិកា ពីប្រភពស្របច្បាប់នានា ព្រមទាំងដើម្បីផ្សារភ្ជាប់និងបង្កើតនូវសកម្មភាពកាន់តែ ជិតស្និតជាមួយក្រុមហ៊ុន សហគ្រាស ដែលបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត ដែលបានបង្កើតមូលនិធិទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមគ្នាផ្តល់ក្តីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ ។ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានធ្វើឡើងដើម្បីឆ្លើយតប ទៅនិងតម្រូវការថវិកា ចំនួនប្រមាណ ១២លានដុល្លារអាមេរិកក្នុង១ខែ ឬ១២ម៉ឺនដុល្លារអាមេរិកក្នុង១ថ្ងៃ ឬប្រមាណ៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដើម្បីរក្សានិរន្តរភាពក្នុងកិច្ចដំណើរការគន្ធបុប្ផាកម្ពុជាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប…
-

អ៊ីរ៉ង់ច្រានចោលការចោទប្រកាន់បង្កើនឃ្លាំងសារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតខ្ពស់
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានចេញមុខទាត់ចោលរបាយការណ៍របស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA ដែលចោទថា អ៊ីរ៉ង់បានបង្កើនឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីខែចុងក្រោយនេះ ពោលគឺដល់កម្រិតអាចផលិតអាវុយនុយក្លេអ៊ែរ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ បាននិយាយថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា អ៊ីរ៉ង់បានប្រមូលផ្តុំសារធាតុអ៊ុយរ៉ាញ៉ូមកើនដល់ ៤០៨.៦គីឡូក្រាម ធៀបនឹងខែកុម្ភៈ មានត្រឹម ១១៣.៨គីឡូក្រាម តួលេខនេះកើនឡើងដល់ ៦០ភាគរយ ក្លាយជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរតែមួយគត់ដែលធ្វើដូច្នេះបាន។ យោងតាមរបាយការណ៍សម្ងាត់ ដែលឃើញដោយទីភ្នាក់ងារសារព័ត៌មានជាច្រើន បានឲ្យដឹងថា អ៊ីរ៉ង់បានអនុវត្តសកម្មភាពនុយក្លេអ៊ែរសម្ងាត់ជាមួយនឹងសម្ភារៈដែលមិនបានប្រកាសដល់ អង្គការ IAEA នៅទីតាំងចំនួនបី ដែលស្ថិតក្រោមការស៊ើបអង្កេតជាយូរមកហើយ ហើយបញ្ហានេះកំពុងបង្កជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ និងព្រមានអ៊ីរ៉ង់ឱ្យផ្លាស់ប្តូរទិសដៅរបស់ខ្លួនជាបន្ទាន់។ ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេសអ៊ីរ៉ង់បានថ្កោលទោសរបាយការណ៍នេះ ដោយនិយាយថា ទីភ្នាក់ងារនេះបានប្រើប្រាស់ឯកសារក្លែងបន្លំ ដែលផ្តល់ដោយអ៊ីស្រាអែល ហើយបានអះអាងថា ការចោទប្រកាន់នេះ គឺមានភាពលម្អៀង និងគ្មានមូលដ្ឋាន។ ទន្ទឹមគ្នានេះ ប្រទេសអ៊ីរ៉ង់បានអះអាងសាជាថ្មីទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាពតែមួយមុខគត់ប៉ុណ្ណោះ៕ ប្រភព ៖ AFP
-

រុស្ស៊ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនជាង ១.៤០០គ្រឿង
មូស្គូ ៖ ត្រឹម៧ថ្ងៃ រុស្សីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬដ្រូនអ៊ុយក្រែនចំនួន ១.៤៣៩គ្រឿង ខណៈអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលទើបនឹងផលិតថ្មីរបស់ខ្លួន វាយប្រហារដ្រូនរបស់រុស្ស៊ី។ នេះបើយោងតាមព័ត៌មានបច្ចុប្បន្នភាព ស្តីពីជម្លោះរវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃសុក្រថា ដើម្បីទប់ទល់នឹងការវាយប្រហារដ្រូនរបស់រុស្ស៊ីលើទីក្រុង Odessa កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័ត ដែលបង្កើតឡើងដោយមានការគាំទ្រពីដៃគូបរទេស ដើម្បីបាញ់ទម្លាក់ដ្រូនថ្មីបំផុតរបស់រុស្ស៊ី។ ដោយឡែកក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់ដែរថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារលើរោងចក្រឧស្សាហកម្មការពារជាតិ និងព្រលានយន្តហោះយោធា រួមទាំងទីតាំងផ្ទុកអាវុធ និងគ្រាប់រំសេវនៅអ៊ុយក្រែន កាលពីសប្តាហ៍មុន។ ក្រសួងបានអះអាងថា កងកម្លាំងរុស្ស៊ីបានវាយបកការវាយប្រហារជាច្រើនលើករបស់អ៊ុយក្រែន នៅពេលបើកការវាយលុកលើតំបន់ Sumy, Kharkiv និង Donetsk ដោយបន្ថែមថា កងកម្លាំងអាកាសរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ១.៤៣៩គ្រឿង។ ស្របពេលជាមួយគ្នានោះដែរ កងកម្លាំងរុស្ស៊ីក៏បានគ្រប់គ្រងកន្លែងតាំងទីលំនៅចំនួន ១៣កន្លែងនៅក្នុងតំបន់ Sumy, Kharkiv និង Donetsk ផងដែរ៕ ប្រភព ៖ bastille post
-

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យប្អូនៗនៅផ្ទះបាយកុមារខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីមានអនាគតល្អ និងក្លាយជាធនធានល្អសម្រាប់សង្គមជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំសមាជិកសមាជិកា និងសហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អញ្ជើញចូលរួមរៀបចំខួបកំណើតដល់ប្អូនៗកុមារនៅអង្គការផ្ទះបាយកុមារ។ ក្នុងឱកាសប្រកបដោយក្ដីសោមនស្សរីករាយនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ និងប្អូនៗយុវជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងថែរក្សានូវស្ថេរភាពរបស់អង្គការផ្ទះបាយកុមារកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក. បងប្អូនអ្នកផលិតមាតិកាលើបណ្ដាញសង្គម និងសប្បុរសជនទាំងអស់ ដែលតែងបានចូលរួមចំណែករៀបចំកម្មវិធីជួបជុំ ចូលរួមឧបត្ថម្ភជាស្បៀងអាហារ ជាថវិកា និងកាដូ ដើម្បីចែកជូនដល់ប្អូនៗជារៀងរាល់ឆ្នាំ។ ឯកឧត្តមបានបន្តថា ការចំណាយពេលមួយថ្ងៃ ឬមួយពេលរបស់យើងទាំងអស់គ្នា គឺជាការចូលរួមដ៏មានន័យ ក្នុងការផ្ដល់ជាកម្លាំងចិត្ត និងជាមធ្យោបាយដល់អង្គការផ្ទះបាយកុមារឱ្យបន្តបំពេញបេសកកម្មរបស់ខ្លួន ដើម្បីជួយប្អូនៗកុមារក្រីក្រខ្វះខាត។ បន្ថែមពីនេះ ជំនួបនេះ គឺជាការបង្កើតអនុស្សាវរីយ៍ និងរឹតចំណងទំនាក់ទំនងរវាង ប៉ា និង កូន តាមរយៈការចែករំលែកក្ដីស្រលាញ់ និងបង្កើតបរិយាកាសដ៏កក់ក្ដៅ។ ឯកឧត្តម…
-

យូអិនព្រមានថា ហ្កាហ្សាក្លាយជាតំបន់ជួបភាពស្រេកឃ្លានខ្លាំងបំផុតក្នុងលោក
ហ្កាហ្សា ៖ អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ បានព្រមានថា ហ្កាហ្សាបានក្លាយជាតំបន់ជួបភាពស្រេកឃ្លានខ្លាំងបំផុតក្នុងលោក ខណៈប្រជាជនហ្កាហ្សាទាំងអស់ ឥឡូវនេះកំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស ឬស្រែកឃ្លានអាហារស្ទើរដាច់ពោះស្លាប់។ អ្នកនាំពាក្យទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ (OCHA) លោក Jens Laerke បាននិយាយថា ឥឡូវនេះ ហ្កាហ្សាបានក្លាយជាតំបន់ជួបភាពស្រេកឃ្លានខ្លាំងបំផុតនៅលើផែនដី។ លោក Jens Laerke បន្តថា ប្រជាជនហ្កាហ្សាទាំងមូល ឬ១០០ភាគរយកំពុងប្រឈមមុខនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ដោយលោកបានច្រានចោលការអះអាងរបស់អ៊ីស្រាអែល ដែលថា នៅទីនោះ គ្មានអ្នកដាច់បាយរហូតដល់ស្លាប់នោះទេ។ ប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីស្រាអែលបានបន្ធូរបន្ថយការទប់ស្កាត់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា ដែលខ្លួនបានឡោមព័ទ្ធកាលពីថ្ងៃទី២ ខែមីនា បង្កឲ្យកើតមានវិបត្តិខ្វះស្បៀងអាហារ និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ។ ចំណែកការចរចាបញ្ចប់សង្រ្គាមជិត ២០ខែវិញ គិតមកទល់ពេលនេះបានបរាជ័យ ដោយអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា ក្រោយបទឈប់បាញ់៦សប្តាហ៍ផុតកំណត់កាលពីមីនា៕ ប្រភព ៖ AFP