(ភ្នំពេញ)៖ ពិព័រណ៍សៀវភៅដ៏ធំមួយដែលនឹងត្រូវរៀបចំឡើងនាសាលបុរីរុងរឿង ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌ ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថានឹងទទួលបានការចាប់អារម្មណ៍ពី យុវជន យុវនារី ដែលជាសិស្ស និស្សិត និងពលរដ្ឋកម្ពុជាគ្រប់ទិសទីដែលចូលចិត្តអានសៀវភៅ។
បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា៖ ពិព័រណ៍លក់សៀវភៅ Big Bad Wolf Books នេះ នឹងមានការដាក់តាំងបង្ហាញលក់ចំនួនជាងមួយលានក្បាល ហើយច្រើនជាង ២០,០០០ ចំណងជើង។ ការតាំងពិព័រណ៍លក់សៀវភៅនេះដែរធ្វើឡើងដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋអានសៀវភៅ។សៀវភៅទាំងអស់នេះនឹងបានផ្តល់នូវប្រភពសំខាន់ៗដែលជាចំណេះដឹងទៅឱ្យដល់ប្រជាពលរដ្ឋ សិស្ស និស្សិត។ ក្រៅពីនេះក៏ជាប្រភពស្រាវជ្រាវដល់យុវជនដែលអាចនាំមកនូវចំណេះដឹងថ្មីៗបន្ថែមទៀតក្រៅពីប្រទេសកម្ពុជា ក៏ដូចជាលំហ ប្រភពនៃចំណេះដឹងក្នុងប្រទេសដទៃៗទៀតផងដែរ។
ឯកឧត្តម នេត្រ ភក្រ្តាមានប្រសាសន៍ថា”នេះជាដំណើរនៃចំណេះដឹង ដើម្បីផ្តល់នូវជម្រើសទៅឱ្យប្រជាពលរដ្ឋ និងពិសេសយុវជន និងកុមារ ដែលសម្បូរសៀវភៅអាន ។ ប្រៀបធៀបទៅនឹងជំនាន់ទស្សវត្ស ៨០ និង៩០មិនសូវសម្បូរសៀវភៅអានបែបនេះទេ ប៉ុន្តែបច្ចុប្បន្នសម្បូរសៀវភៅអាន សម្បូរសៀវភៅភាសា ពិសេសបរទេសទាំងនេះក៏នឹងផ្តល់នូវចំណេះដឹងទូទៅដល់ប្រជាពលរដ្ឋយើង“។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា៖”ឱកាសពិព័រណ៍សៀវភៅនេះគឺជាបណ្តុំនៃសៀវភៅផ្សេងៗដ៏ច្រើនដែលយុវជន សិស្សានុសិស្ស និស្សិត ក៏ដូចជាពលរដ្ឋគួរនាំគ្នារកទិញពីព្រោះថាយើងមិនចាំបាច់ចំណាយពេលទៅបរទេសរកទិញទេ ដោយសៀវភៅទាំងនេះត្រូវបានប្រមូលផ្តុំលក់នៅទីនេះស្រាប់ទៅហើយ។នេះជាការរុញសៀវភៅមកដល់ដៃបងប្អូនប្រជាពលរដ្ឋកម្ពុជាតែម្តង”។
ឯកឧត្តម នេត្រ ភក្រ្តាបានថ្លែងដែរថាការអានសៀវភៅច្រើនធ្វើឱ្យក្មេងៗមិនចាំបាច់ចំណាយក្នុងការទៅមើលបណ្តាញសង្គមច្រើន ដែលបានត្រឹមតែដឹង តែមិនបានផ្តល់ចំណេះដឹងនោះឡើយ។មានតែការអានសៀវភៅប៉ុណ្ណោះដែលយើងទទួលបានចំណេះដឹង ពិតប្រាកដ ។ហេតុនេះបានជាក្រសួងព័ត៌មានជំរុញលើកទឹកចិត្តឱ្យមានការអាន ហើយដែលការអាននេះ នឹងបានជួយពង្រឹងដល់កុមារមានចំណេះដឹងរឹងមាំ បន្ថែមទៀត។
លោកស្រី Jacqueline Ng សហស្ថាបនិករបស់ Big Bad Wolf Books បានបញ្ជាក់ប្រាប់ថា ពិព័រណ៍សៀវភៅនេះដែរនឹងមានការបញ្ចុះតម្លៃរហូតដល់៩៥ភាគរយ ក្នុងនេះដែរតម្លៃសៀវភៅទាបបំផុតចាប់ពី១ដុល្លារ ក្នុងមួយក្បាល។ជាមួយគ្នានេះចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ សិស្ស-និស្សិតទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ ៥ភាគរយលើសៀវភៅប្រភេទមួយចំនួន ។ ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ ពួកគេគ្រាន់តែបង្ហាញកាតសិស្សនិស្សិត ឬស្លៀកពាក់ឯកសណ្ឋានសិស្សនិស្សិតរបស់គេនៅពេលគិតលុយ។ កម្មវិធី បញ្ចុះតម្លៃនេះ ស័ក្តិសមបំផុតសម្រាប់ក្រុមសិស្សនិស្សិត និងអ្នកអានវ័យក្មេង ក្នុងការបង្កើតបណ្ណាល័យផ្ទាល់ខ្លួន។
លោកស្រីបានបញ្ជាក់បន្ថែមថា ពិព័រណ៍សៀវភៅនេះគឺជាលើកទី៤ហើយនៅកម្ពុជា។ សម្រាប់សៀវភៅដែលគាត់បាននាំយកមកលក់នេះកន្លងមកត្រូវបានលក់ចេញបានប្រមាណជាង ៦០ភាគរយ ដែលនេះបង្ហាញថាការអានសៀវភៅក្នុងស្រទាប់យុវជនមានការកើនឡើងបន្តបន្ទាប់។
គួរបញ្ជាក់ថា ពិព័រណ៍លក់សៀវភៅនេះនឹងចាប់ផ្តើមពីថ្ងៃទីច័ន្ធដល់ថ្ងៃព្រហស្បតិ៍ចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង១០យប់ និងថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង១២យប់នៅផ្សាររុងរឿងស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ៕
Leave a Reply