អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។

ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ជាដៃគូរបស់ ក.ប.ទ. ដូចខាងក្រោម៖

១. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា

 បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង

វិស្វកម្មសុសវែរ (Software Engineering)
វិទ្យាសាស្ត្រទិន្នន័យ (Data Science)
ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)
វិស្វកម្មទូរគមនាគមន៍និងបណ្ដាញ (Telecommunications and Networking Engineering)
សន្តិសុខសាយប័រ (Cybersecurity)
 វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង

វិស្វកម្មសុសវែរ (Software Engineering)
វិស្វកម្មបញ្ញាសប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)
 សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង

វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunications and Electronic Engineering)
វិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ (Data Science and Engineering)
ព័ត៌មានវិទ្យា (Information Technology)
វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន (Information Technology Engineering)
 សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង

សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (Digital Economy)
បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology)
សហគ្រិនភាពសកលនិងនវានុវត្តន៍ (Global Entrepreneurship and Innovation)
 សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង

វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)
រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ (Digital Arts and Design)
 សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh – AUPP) ចំនួន ២០០ កន្លែង

ការគ្រប់គ្រងព័ត៌មានវិទ្យា / វិទ្យាសាស្ត្រកុំព្យូទ័រ (Information Technology Management / Computer Science)
បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology)
សន្តិសុខសាយប័រ (Cybersecurity)
បញ្ញាសិប្បនិម្មិត (Artificial Intelligence)
ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)
ការអភិវឌ្ឍសុសវែរ (Software Development)
ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems)
ការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)
២. អត្ថប្រយោជន៍នៃអាហារូបករណ៍

និស្សិតជ័យលាភីនៃកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

កុំព្យូទ័រយួរដៃ ១គ្រឿង
ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣,១០០ – ២៤,៧០០ ដុល្លារអាម៉េរិក
ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេស
ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ដើម្បីជួយសម្រួលដល់ការសិក្សារយៈពេល ៤ ឆ្នាំដោយជោគជ័យ។
៣. លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជន បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ មាននិទ្ទេសរួម A B ឬ C
ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងការសម្ភាសន៍ផ្ទាល់មាត់
សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារី ត្រូវបានលើកទឹកចិត្ត។
៤. កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ

ការចុះឈ្មោះប្រឡងត្រូវធ្វើដាច់ដោយឡែកពីគ្នា ដូចខាងក្រោម៖
ក. ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និង សាកលវិទ្យាល័យជាតិគ្រប់គ្រង សូមចុះឈ្មោះប្រឡងតាមតំណភ្ជាប់ www.cadt.edu.kh/scholarship ឬស្កេន QR Code ដែលមានភ្ជាប់ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។

ខ.ចំពោះបេក្ខជន និងបេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សូមអញ្ជើញមកចុះឈ្មោះប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាននៅអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ (សូមស្កេន QR Code សម្រាប់ទីតាំងលើ Google Map)។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទ ឬ Telegram លេខ ០៧០ ៣៦៦ ៦២៣ / ០៩៣ ៣៦៦ ៦២៣ ឬអ៊ីមែល admissions@aupp.edu.kh៕