សិស្សនុសិស្សសិក្សានៅវិទ្យាល័យហ៊ុនសែនស្វាយជ្រំ ខេត្តស្វាយរៀង ១៧៥៧នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ បានមកទទួលការអប់រំគោលនយោបាយភូមិឃុំមានសុវត្ថិភាពពីអធិការនគរបាលស្រុកស្វាយជ្រំ ដែលពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាល័យស្វាយជ្រុំ។
លោកវរៈសេនីយ៍ឯក សោម សោភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រុំ បានបញ្ជាក់ថា អនុវត្តគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្ដីពីការអនុវត្តរឹតបន្តឹង បង្ក្រាបក្មេងទំនើង ការប្រើប្រាស់គ្រឿងញៀន និងការអនុវត្តគោរពច្បាប់ចរាចរណ៍ អធិការនគរបាលស្រុកសហការជាមួយនឹងរដ្ឋបាលមូលដ្ឋានបានបន្តចុះអនុវត្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅគ្រប់មូលដ្ឋានឃុំក្នុងស្រុក ពិសេសនៅតាមសាលារៀន។
តាមរបាយការណ៍របស់អធិការនគរបាលស្រុកស្វាយជ្រុំដែលប៊ីធីវីទទួលបានថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ អនុវត្តការរឹតបន្តឹងអធិកានគរបាលស្រុកគិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ អធិការនគរបាលស្រុកបានធ្វើការចាប់ឃាត់ខ្លួនក្មេងទំនើងប្រើប្រាស់កាំបិតជាឧបករណ៍បង្កដល់ដៃគូបានចំនួន ១០នាក់ ដោយ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោស រួមនឹងឧបករណ៍ធ្វើសកម្មភាពម៉ូតូ កាំបិត និងទូរសព្ទដៃមួយចំនួនផងដែរ៕
Leave a Reply