រដ្ឋមន្ត្រីអ៊ីស្រាអែល ថាលោក Netanyahu បរាជ័យក្នុងការដឹកនាំ និងអំពាវនាវឱ្យមានការបោះឆ្នោត

រដ្ឋមន្ត្រីមួយរូបនៃគណៈរដ្ឋមន្រ្តីអ៊ីស្រាអែល កាលពីថ្ងៃពុធ (២៩ ឧសភា) បានចោទប្រកាន់ក្រុមចម្រុះរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថា «បរាជ័យយ៉ាងវេទនាក្នុងការដឹកនាំ» ស្របពេលមានសង្រ្គាមហ្កាហ្សា ដែលជំរុញឱ្យមានការស្តីបន្ទោសពីគណបក្ស លីគុត (Likud) របស់លោក ណេតាន់យ៉ាហ៊ូ នៅពេលដែលការខ្វែងគំនិតផ្នែកនយោបាយកាន់តែស៊ីជម្រៅ។

សមាជិកសភា លោក ហ្កាឌី អ៊ីសិនកូត (Gadi Eisenkot) អ្នកសង្កេតការណ៍នៅក្នុងគណៈរដ្ឋមន្ត្រីសង្គ្រាមបាននិយាយថា លោក ណេតាន់យ៉ាហ៊ូ បានបរាជ័យលើផ្នែកសន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេស ហើយបានអំពាវនាវឱ្យមានការបោះឆ្នោតថ្មីនៅចុងឆ្នាំនេះ។

លោក អ៊ីសិនកូត បាននិយាយថា លោក ណេតាន់យ៉ាហ៊ូ បានបរាជ័យក្នុងការបំពេញតាមការសន្យាក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២២ របស់ខ្លួន រួមទាំងការបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយអារ៉ាប៊ីសាអ៊ូឌីត និងការពង្រឹងសេដ្ឋកិច្ច។

ថ្លែងនៅក្នុងសន្និសិទមួយ អតីតប្រមុខយោធា ដែលកូនប្រុសពៅរបស់ខ្លួនត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងខែធ្នូ រូបនេះបាននិយាយថា លោក ណេតាន់យ៉ាហ៊ូ បានបំភាន់ពលរដ្ឋជាមួយនឹងប្រយោគ «ជ័យជំនះទាំងស្រុង» ប្រឆាំងនឹងក្រុមហាម៉ាស ជំនួសឱ្យការនិយាយការពិតអំពីភាពស្មុគស្មាញនៃសង្រ្គាមហ្កាហ្សា។

អ៊ីស្រាអែល បានបើកការវាយលុកផ្លូវអាកាស និងជើងគោកនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំមុន ដោយប្តេជ្ញាកម្ទេចក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បុន្តែក្រុមអ្នកជំនាញបានសង្ស័យថា តើការប្ដេជ្ញានោះអាចទៅរួច ឬក៏អត់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញផ្ញើសារតេលេក្រាម គណបក្ស លីគុត បាននិយាយថា លោក អ៊ីសិនកូត និងរដ្ឋមន្ត្រីនៃគណៈរដ្ឋមន្រ្តីសង្រ្គាមអ៊ីស្រាអែល លោក បេននី ហ្កាន់ស៍ (Benny Gantz) ដែលជាគូប្រជែងដ៏សំខាន់របស់លោក ណេតាន់យ៉ាហ៊ូ កំពុងស្វែងរកលេសដើម្បីចាកចេញពីក្រុមចម្រុះនៅពេលកំពុងមានសង្រ្គាម៕