សិស្សានុសិស្សនៅខេត្តស្វាយរៀងជិត ២ពាន់នាក់ បានទទួលការអប់រំ​គោលនយោបាយ​ភូមិឃុំមានសុវត្ថិភាព

សិស្សនុសិស្សសិក្សានៅវិទ្យាល័យហ៊ុនសែនស្វាយជ្រំ ខេត្តស្វាយរៀង ១៧៥៧នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ បានមក​ទទួល​ការ​អប់រំ​គោលនយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព​ពី​អធិការនគរបាលស្រុកស្វាយជ្រំ ដែលពិធីនេះបាន​ប្រព្រឹត្ត​ទៅ​នៅ​វិទ្យាល័យ​ស្វាយ​ជ្រុំ​។

លោកវរៈសេនីយ៍ឯក សោម សោភ័ណ្ឌ អធិការនគរបាល​ស្រុកស្វាយជ្រុំ បាន​បញ្ជាក់ថា​ អនុវត្ត​គោល​ការណ៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្ដីពីការអនុវត្តរឹតបន្តឹង បង្ក្រាបក្មេងទំនើង ការ​ប្រើប្រាស់គ្រឿងញៀន និងការអនុវត្តគោរពច្បាប់ចរាចរណ៍ អធិការ​នគរបាល​ស្រុក​សហការ​ជាមួយនឹង​រដ្ឋបាល​មូលដ្ឋាន​បាន​បន្តចុះ​អនុវត្ត​ផ្សព្វផ្សាយ​គោល​នយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព​នៅ​គ្រប់​មូល​ដ្ឋាន​ឃុំក្នុងស្រុក ពិសេសនៅតាមសាលារៀន។

តាមរបាយការណ៍របស់អធិការនគរបាលស្រុកស្វាយជ្រុំដែលប៊ីធីវីទទួលបានថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ អនុវត្តការរឹតបន្តឹងអធិកានគរបាលស្រុកគិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ អធិការនគរបាលស្រុកបានធ្វើការចាប់ឃាត់ខ្លួនក្មេងទំនើងប្រើប្រាស់កាំបិតជាឧបករណ៍បង្កដល់ដៃគូបានចំនួន ១០នាក់ ដោយ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោស រួមនឹងឧបករណ៍ធ្វើសកម្មភាពម៉ូតូ កាំបិត និងទូរសព្ទដៃមួយចំនួនផងដែរ៕