រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងពន្លឿនការដាក់បំពង់មេនាំទឹកទៅកាន់តំបន់ជាយរាជធានីភ្នំពេញ

បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​កំពុងសម្រាក​សម្រាំង​ធ្វើ​ការងារ​ដាក់​បំពង់​មេនាំ​ទឹក​ដើម្បី​រុញ​ទឹក​ទៅ​ផ្គត់ផ្គង់នៅតាមតំបន់ជាយរាជធានីភ្នំពេញ ភាគខាងជើង ត្បូង លិច និងខាងកើត។ នេះ​បើតាម​ប្រសាន៍ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​រដ្ឋាករ​ទឹក​ស្វយ័តក្រុងភ្នំពេញ បានផ្តល់បទសម្ភាសជាមួយBTV នៅថ្ងៃទី០៦ ខែសីហានេះ។

នៅក្នុង​បទសម្ភាស ឯកឧត្តមបានបន្តថា តាមការគ្រោងទុកនៅចុងឆ្នាំ២០២៤នេះ ការងារ​ដាក់​បំពង់​មេនាំ​ទឹកដែលមាននៅក្នុងផែនការមេ នឹងត្រូវបញ្ចប់នៅជំហានទី១ ក្នុងគម្រោង​រោងចក្រ​ផលិត​ទឹក​ស្អាតបាក់ខែងទី១ និងបាក់ខែងទី២។ អញ្ចឹងទឹកអាចនឹងផ្គត់ផ្គង់បាននៅប៉ែកខាងលិច និង​ប៉ែកខាងត្បូងឈាងខាងកើត ជាពិសេសតំបន់គួរស្រូវ។ ចំពោះប៉ែកខាងជើង និង​ប៉ែក​ខាង​កើត រាជធានីភ្នំពេញ មានសង្កាត់មួយចំនួនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រតិបត្តិករឯកជន ខណៈ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងធ្វើកិច្ចសហការជាមួយប្រតិបត្តិករឯកជន ដើម្បី​រក​វិធី​ផ្គត់​ផ្គង់​ទឹក​ស្អាតជូនដល់អតិថិជន។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងដាក់ឱ្យ​ដំណើរ​ការ​រោង​ចក្រ​ផលិត​ទឹក​ស្អាត​ចំនួន​៥ទីតាំង ដែលក្នុងនោះរួមមាន៖ទី១.រោងចក្រផលិតទឹកស្អាតភូមិព្រែក ស្ថិតនៅ​ខេត្ត​កណ្តាល ទី២.រោងចក្រផលិតទឹកស្អាតជ្រោយចង្វា ទី៣.រោងចក្រផលិតទឹកស្អាតចំការមន ទី៤.​រោងចក្រផលិតទឹកស្អាតនិរោធ និងទី៥.រោងចក្រផលិតទឹកស្អាតបាក់ខែង ។ រោង​ចក្រ​ទាំង​៥​នេះ​ អាចផលិតទឹកស្អាតបានចំនួនជិត១លានម៉ែត្រគូបក្នុងមួយថ្ងៃ៕ អត្ថបទ៖ទូច សោភ័ណ