ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយអាចារ្យ អាចារិនីចំនួន១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀមអនុវត្តច្បាប់ចំពោះអ្នកបំផុសធ្វើអ្វីខុសច្បាប់ ឬត្រៀមធ្វើបាតុកម្មដុតប្រទេស ខណៈរាជរដ្ឋាភិបាលប្ដេជ្ញាត្រូវការពារប្រជាពលរដ្ឋ ប្រទេសជាតិ និងសន្ដិភាពរបស់កម្ពុជាឱ្យបានដាច់ខាត។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូច កំពុងបញ្ឆេះកំហឹង អូសទាញយុវជនឱ្យធ្វើសកម្មភាព ធ្វើបាតុកម្ម ដោយយកគំរូតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក។ ប៉ុន្ដែសកម្មភាពទាំងនេះ គឺជាសកម្មភាពខុសច្បាប់ រាជរដ្ឋាភិបាលមិនអាចអត់ឱនឱ្យជាដាច់ខាត គឺត្រូវតែអនុវត្តវិធានការច្បាប់ដើម្បីរក្សាស្ថិរភាព និងសន្ដិភាពរបស់កម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជំហរមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺប្រឆាំងការបំបែករដ្ឋ។ បើយើងប្រកាន់ជំហរបែបនេះ គឺកម្ពុជាមិនអនុញ្ញាតឱ្យមានការបំបែកខេត្តនៅកម្ពុជាដាច់ខាត។ ដូច្នេះប្រជាពលរដ្ឋសូមកុំមានកង្វល់ចំពោះរឿងបាត់ខេត្តទាំង៤របស់កម្ពុជាឱ្យសោះ។
ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍបែបណានាពេលខាងមុខ៕ អត្ថបទ៖ វ៉ន ដារ៉ា
Leave a Reply