សពក្មេងស្រីប្រុស២នាក់ដែលលង់ទឹកស្លាប់កាលពីយប់មិញ បានរកឃើញនៅព្រឹកថ្ងៃនេះ

ពង់ឆ្នាំង៖ សព​ក្មេងស្រីប្រុស​២នាក់​ដែល​បាន​លង់​ទឹក​ទន្លេ​កាល​ពីយប់មិញ បាន​រក​ឃើញ​ហើយ​នៅ​វេលា​ម៉ោងជិត៩ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ។ នេះបើយោងតាមការ​បញ្ជាក់​ពី​លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

គួរំលឹកថា កាលពីម៉ោងប្រមាណជិត៧យប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុ​ង​ភូមិ​កំពង់​ត្រឡាច​ក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច មានជនជាតិខ្មែរអ៊ីស្លាម១គ្រួសារ បានឆ្លង​ទូក​ពី​ត្រើយខាងកើតមកត្រើយខាងលិច ពេលមកដល់ចំណុចកើតហេតុកណ្តាលទន្លេ ទូកនោះ​បាន​ជួប​ជា​នឹងខ្យល់ខ្លាំងបណ្តាលអោយក្រឡាប់លិចតែម្តង ដោយឡែក​ឪពុក​បាន​ជួយ​បាន​កូន​អាយុ​៥​ឆ្នាំ​តែម្នាក់ប៉ុណ្ណោះ។ ដោយឡែកកូនស្រីអាយុ១៤ឆ្នាំ និងក្មួយប្រុសអាយុ១៤ឆ្នាំ បាន​លង់​ស្លាប់​នៅ​ក្នុងទន្លេនោះ និងទើបរកឃើញសពក្មេង​រង​គ្រោះទាំង​២នាក់​នៅ​ម៉ោង​ប្រមាណ​ជិត​៩​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ២០២៤នេះ ហើយសមត្ថកិច្ច​ក្រោយ​ពិនិត្យ​សព​រួច​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យតាមប្រពៃណី ៕ កាំង ហុងវាស្នា