សម្តេចធិបតី៖ ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់យុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលជាគុណបំណាច់ដ៏ធំធេង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគោរពដឹងគុណចំពោះ​មហា​វីរភាព​ដ៏អង់អាចរបស់សម្តេចតេជោ និងយុទ្ធមិត្តដ៏តិចតួចដែលបានលះបង់​ហានចាកចេញ​ទៅរកការគាំទ្រជួយពីមិត្តជិតខាងដើម្បីជួយរំដោះសង្គ្រោះប្រទេសជាតិនិងអាយុជីវិត​ប្រជាជនពី​ក្រញាំបីសាច ប៉ុល ពត ហើយសម្តេច ក៏បានមានប្រសាសន៍ថា ពិលីកម្ម ប្រកបដោយស្មារតី​ស្នេហាជាតិ របស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ បានរួមចំណែកដ៏សំខាន់ដល់ការរីកចម្រើនក្នុងសុខសន្តិភាព រហូតដល់សព្វថ្ងៃនេះ។

សម្តេចធិបតី នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដោយមោទនភាពបែបនេះ ខណៈអញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួល​រំលំ​របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្រ្តយោធា​តេជោកោះថ្ម (X16)ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០មិថុនានេះ។

គួរបញ្ជាក់ថា ខួបគម្រប់៤៧ឆ្នាំ ដែលសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្ត៤នាក់ទៀត បានចេញដំណើរពីបន្ទាយឆ្ពោះទៅកាន់ប្រទេសវៀតណាម ​ដើម្បីស្វែងរកការគាំទ្រ វាយ​ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត៕