សម្ដេចធិបតីណែនាំដល់គ្រប់បណ្ដាខេត្តឱ្យបន្តរៀបចំសួនតេជោសន្ដិភាពឱ្យបានស្អាតបន្ថែមទៀត

ក្នុងឱកាសអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម(X16) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំដល់គ្រប់បណ្ដាខេត្តឱ្យបន្តរៀបចំសួនតេជោសន្ដិភាពឱ្យបានស្អាតបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រវត្តិសាស្ត្រនេះ បានបញ្ជាក់យ៉ាងច្បាស់ថា មានការចាប់ផ្តើមពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានការបង្កើតអង្គការចាត់តាំងខាងយោធាដំបូងនៅថ្ងៃទី១២ ឧសភា ១៩៧៨, មានការបង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ទើបមានជ័យជម្នះ ៧ មករា ១៩៧៩។

សម្តេចធិបតី បានថ្លែងថា មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ទើបមាននយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ ឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានាំមកនូវសន្តិភាព និងការឯកភាព​ជាតិពេញ​លេញ​នៅទូទាំងប្រទេស។ នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រ ដែលមានតម្លៃមិនអាចកាត់ថ្លៃ​បាននោះឡើយ។ដូច្នេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំឱ្យអាជ្ញាធររាជធានី ខេត្ត បន្តរៀបចំ​សួនតេជោសន្តិភាព និងតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ទៅតាមទីតាំងដែលបានរៀបចំ។

ក្នុងឱកាសនោះសម្តេចធបិតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតប្រធាន​គណៈកម្មការ​សាងសង់វិមានឈ្នះ-ឈ្នះ ដែលសម្តេចបានខិតខំយកអស់ពីកម្លាំងកាយចិត្ត និងមានចក្ខុវិស័យ​វែងឆ្ងាយ ក្នុងការចង្អុលបង្ហាញរៀបចំការកសាងតំបន់ ​ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) នេះតាំង​ពីថ្ងៃដំបូង និងបានផ្តួចផ្តើមរៀបចំប្រារព្ធពិធីជាប្រវត្តិសាស្ត្រនេះ ជារៀងរាល់ឆ្នាំដើម្បីដឹង​គុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន-យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើ ពលិកម្ម ដោយវីរភាព ដើម្បីជាតិមាតុភូមិ៕អត្ថបទ៖វ៉ន ដារ៉ា